ប្រទេសទួរគីបានដំឡើងពន្ធលើរថយន្តដោយចូលកាន់តែខ្ពស់ជាងមុន ដើម្បីកាត់បន្ថយការនាំចូលរថយន្ត និងលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់រថយន្តដំឡើងក្នុងស្រុកជំនួសវិញ។
សម្រាប់អត្រាពន្ធថ្មីចំពោះរថយន្តមានម៉ាស៊ីន ១,៦លីត្រ បានកំណត់យកពន្ធ ៨០% ខណៈពីមុនមានអត្រាពន្ធ ៦០%។ ចំណែករថយន្តមានម៉ាស៊ីនលើសពី ២,០លីត្រ ដំឡើងពន្ធពី ១០០% ឡើងដល់ ១៣០% ហើយរថយន្តដែលមានតម្លៃថ្លៃវិញនឹងឡើងពី ១៦០% ដល់ ២២០% ឯណោះ។
គួរដឹងថាគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២០ នេះ ចំនួនលក់រថយន្តនៅប្រទេសទួរគីមានការកើនឡើងរហូតដល់ ៦០,៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានផ្ទុះជំងឺកូវីដ១៩ក្ដី។ នេះក៏ដោយសារលក្ខខណ្ឌបង់រំលស់ពីក្រុមហ៊ុនជាច្រើន មានបន្ថយអត្រាការប្រាក់ទាបដើម្បីទាក់ទាញអតិថិជនក្នុងសម័យកាលកូវីដ១៩៕