លើកដំបូង! ម៉ាឡេស៊ីវ៉ាដាច់ថៃក្លាយជាប្រទេសមានទីផ្សាររថយន្តធំជាងគេទី ២ ក្នុងតំបន់អាស៊ាន

[បរទេស] យោងតាមសារព័ត៌មាន Nikkei Asia ដែលបានប្រមូលទិន្នន័យលក់រថយន្តក្នុងតំបន់អាស៊ានបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានវ៉ាដាច់ប្រទេសថៃក្លាយជាប្រទេសដែលមានទីផ្សាររថយន្តធំជាងគេទី ២ ជាលើកដំបូងនៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ។

ក្នុងនោះ សហព័ន្ធក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី (Malaysian Automotive Assiciation) បាននិយាយថា ការលក់រថយន្តនៅក្នុងប្រទេសបានកើនឡើង ៥% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការលក់សរុបចំនួន ២០២ ២៤៥ គ្រឿង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់កើនឡើងនេះ មកពីការលើកលែងពន្ធលើការលក់សម្រាប់រថយន្តដែលផលិតក្នុងស្រុក ដែលត្រូវបានដាក់ដំណើរតាំងពីឆ្នាំ ២០២០ គឺជាវិធានការដ៏សំខាន់មួយដោយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីគាំទ្រដល់ឧស្សាហកម្មរថយន្តក្នុងស្រុក ជាលទ្ធផល យីហោក្នុងស្រុកដូចជា Proton និង Perodua មានចំណែកទីផ្សារសរុបរហូតដល់ ៦០% ទោះបីជាវិធានការបែបនេះបានបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ក៏ដោយ ។

ម្យ៉ាងវិញទៀត ទីផ្សាររថយន្តថៃ បានបន្តធ្លាក់ចុះចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣ នេះគឺជាលទ្ធផលនៃស្ថានភាពបំណុលអាក្រក់កើនឡើង ជាពិសេសបំណុលនៅក្នុងក្រុមកម្ចីរថយន្ត និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះស្ទើរតែគ្រប់វិស័យ ទោះបីជាទីផ្សាររថយន្តអគ្គិសនីសុទ្ធ EV របស់ចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ។ ខណៈ​ដែល​ឥណ្ឌូណេស៊ី​នៅតែ​កាន់កាប់​ទីផ្សារ​រថយន្ត​លេខ​១​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​វា​កំពុង​ប្រឈម​នឹង​ស្ថានភាព​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់។ជាលទ្ធផល ការលក់រថយន្តបានធ្លាក់ចុះ ២៤% បើធៀបនឹងឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម