[ឥណ្ឌូនេស៊ី] ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើការជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) Tesla ផលិតរថយន្តរបស់ខ្លួនក៏ដូចជាអាគុយនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការអត្ថាធិប្បាយដែលបានធ្វើឡើងទៅកាន់ Bloomberg News កាលពីថ្ងៃព្រហស្បតិ៍។
លោក Jokowi ដែលជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីត្រូវបាននិយាយនៅក្នុងបទសម្ភាសន៍មួយថាប្រទេសឥណ្ឌូនេស៊ីចង់បាន “ប្រព័ន្ធអេកូឡូស៊ីដ៏ធំនៃរថយន្តអគ្គិសនី” ជាជាងការទាញយកធនធានធម្មជាតិរបស់ខ្លួនដើម្បីផលិតអាគុយ។ លោកក៏បាននិយាយដែរថាប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាដាក់ពន្ធលើការនាំចេញនីកែលនៅឆ្នាំនេះ ដើម្បីបង្កើនប្រាក់ចំណូលដោយវាអាចនឹងចាប់ផ្តើមឡើងត្រីមាសទីបី។
គួរបញ្ជាក់ផងដែរ ប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ីបានជួបប្រជុំគ្នាជាមួយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk កាលពីដើមឆ្នាំនេះដោយក្នុងអំឡុងពេលនោះដែលលោកបានស្នើសុំឱ្យ លោក Elon Musk ចាត់ទុកប្រទេសអាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលផលិតរថយន្ត បន្ថែមពីលើការផលិតត្រឹមអាគុយ។
លោក Luhut Pandjaitan រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលត្រួតពិនិត្យកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Tesla កាលពីដើមខែនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាក្រុមហ៊ុនអាមេរិកបានឈានដល់កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៥ ពាន់លានដុល្លារ ដើម្បីទិញផលិតផលនីកែលពីក្រុមហ៊ុនកែច្នៃនីកែលដែលប្រតិបត្តិការចេញពី Morowali របស់ឥណ្ឌូនេស៊ីនៅកោះ Sulawesi។ ហើយលោក Luhut បានបន្ថែមថា ក្រសួងរបស់គាត់កំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុន Tesla ប៉ុន្តែថាលោក Musk “រវល់ជាមួយបញ្ហាក្នុងស្រុក ទាក់ទងនឹង Twitter” ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលបានវិនិយោគ ឬបានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌូនេស៊ីរួមមានក្រុមហ៊ុនជប៉ុន Toyota Motor Corp, Mitsubishi Motors Corp និង Hyundai Motor Group របស់កូរ៉េខាងត្បូង។ ព្រមទាំង SGMW Motor Indonesia ដែលជាផ្នែកមួយនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ SAIC Motor Corp Ltd, General Motors Co និង Wuling Motors មានរោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕