កាលពីពេលថ្មីៗនេះ គេប្រមាញ់បានរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញក្រុមហ៊ុន Mercedes កំពុងធ្វើតេស្តរថយន្តបើកដំបូលថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលវាជាម៉ូដែលថ្មីស្ថិតនៅចន្លោះរវាងម៉ូដែល C-Class Coupe និង E-Class Coupe។
ទោះជាយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមថ្មីនិយាយថា Mercedes បានសម្រេចចិត្តរុះរើសម៉ូដែលរថយន្តរបស់ខ្លួន ដោយឈប់ផលិត C Class Coupe និង E Class Coupe ទៀតហើយ ប៉ុន្តែជំនួសមកវិញនូវម៉ូដែលតែមួយគត់ គឺ CLE។
ជាការពិតណាស់ ពាក្យចចាមអារ៉ាមនេះបានលេចឡើង បន្ទាប់ពី Mercedes បានចុះប៉ាតង់ឈ្មោះរថយន្តថ្មី គឺ “CLE” នៅសហរដ្ឋអាមេរិក ដោយវានឹងត្រូវផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង MRA-2 ដូចម៉ូដែល C-Class ដែរ។
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ ១០០% ឡើយថា រថយន្តដែល Mercedes កំពុងធ្វើតេស្តនោះ គឺជាម៉ូដែល CLE ឬយ៉ាងណា ប៉ុន្តែប្រសិនបើជាការពិតមែននោះ វាត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕