ប្រមាញ់បានរថយន្ត Honda Pilot ជំនាន់ថ្មី អំឡុងពេលធ្វើការបើកបរសាកល្បងនៅតាមដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមនៅ TFLnow បានប្រមាញ់បានរថយន្ត Honda Pilot ជំនាន់ថ្មី អំឡុងពេលធ្វើការបើកបរសាកល្បងក្នុងរដ្ឋ Ohio ។ រថយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងបំពាក់ដោយប្រព័ន្ធ hybrid លើសពីនេះ ក៏បានភ្ជាប់មកជាមួយការរចនាថ្មីទាំងស្រុងផងដែរ។

គួរឲ្យដឹងថា រថយន្ត Honda Pilot ជំនាន់បច្ចុប្បន្ន ត្រូវបានដាក់បង្ហាញនៅលើទីផ្សារតាំងពីឆ្នាំ ២០១៦ ហើយបានកែមុខមាត់ឡើងវិញនៅឆ្នាំ ២០១៩ ចាប់តាំងពីពេលនោះមក រថយន្តនេះមិនមានការផ្លាស់ប្តូរអ្វីច្រើនទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Pilot ថ្មី​នេះ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​ប៉ាណាមុខ​ធំ​ជាង​មុន​ រួម​ទាំង​ចង្កៀង​មុខប្រភេទ LED រាងស្លីម ដោយ​ផ្តោត​លើ​លក្ខណៈកាន់តែស្ព័រ, រន្ធម៉ាស៊ីនត្រជាក់ និង​ភ្លើង​គឺ​ស្រដៀង​នឹង Passport ដែល​ទើប​តែ​ត្រូវ​បាន​គេ​កែមុខមាត់ថ្មី​ក្នុង​ឆ្នាំ ២០២២។

រីឯ ផ្នែកចំហៀងនៃរថយន្តត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ខណៈផ្នែក​ខាង​ក្រោយ​ត្រូវ​បាន​បំពាក់​ដោយ​បំពង់​ស៊ីមាំងផរាង​ចតុកោណ​ដែល​ប្លែក​ពី​គេ​ស្រដៀង​នឹង Acura MDX។

សម្រាប់រថយន្ត Honda Pilot ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងជាមួយ Acura ដ៏ប្រណីត។ បន្ថែមពេលនេះវាក៏នឹងភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនចំណុះ ៣,៥ លីត្រ turbo V6 ផលិតកម្លាំងបាន ២៩០ សេះ និងម៉ាស៊ីនចំណុះ ៣,០ លីត្រ  turbocharged V6 ផលិតកម្លាំងបាន ៣៥៥ សេះ។

ចំពោះ រថយន្ត Honda Pilot ជំនាន់ថ្មី វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក ហើយប្រសិនបើមានការពន្យារពេល នឹងត្រូវរង់ចាំម្តងទៀតនៅឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម