[ទីផ្សារបរទេស] បន្ទាប់ពីរថយន្ត Mercedes-AMG SL ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ គេក៏បានដឹងហើយថា ប្រភេទប្រើម៉ាស៊ីន Plug-in Hybrid នឹងបង្ហាញខ្លួនតាមក្រោយ ហើយឥឡូវនេះគេក៏ប្រមាញ់បានវាកំពុងធ្វើតេស្តនៅតាមផ្លូវសាធារណៈ ដោយសឹងតែគ្មានអ្វីបិតបាំងខ្លួនឡើយ។
ក្នុងនោះគេសង្កេតឃើញថា រថយន្ត Mercedes-AMG SL Plug-In Hybrid បានបំពាក់រន្ធសាកភ្លើងនៅលើកាងខាងក្រោយ ក្រៅពីនោះ វាមានរូបរាងស្រដៀងទៅនឹងម៉ូដែល SL ធម្មតាដែរ។
គួរឲ្យដឹងថា រថយន្ត Mercedes-AMG SL ថ្មីប្រើគ្រោងឆ្អឹងដូចទៅនឹងម៉ូដែល AMG GT Coupe ដូច្នេះប្រសិនបើ Mercedes-AMG SL Plug-In Hybrid ប្រើម៉ាស៊ីន Hybrid ដូចម៉ូដែល AMG GT 4-door នោះវានឹងមានកម្លាំងខ្លាំង។
រថយន្ត AMG GT 63 E Performance មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៨៣១សេះ និងកម្លាំងរមួល ១ ៤០០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទិប៉ុណ្ណោះ ហើយមានកម្រិតស៊ីសាំង ៨,៦លីត្រ/១០០គីឡូម៉ែត្រ។
យ៉ាងណាមិញ ក្រុមហ៊ុន Mercedes មិនទាន់បានបង្ហាញឲ្យដឹងនូវកាលបរិច្ឆេទដាក់បង្ហាញរថយន្ត AMG SL Plug-In Hybrid ឡើយ ប៉ុន្តែគេរំពឹងថា វានឹងបង្ហាញខ្លួនមុនដាច់ឆ្នាំ២០២២ នេះ៕
ប្រភព ៖ carscoops