[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការអភិវឌ្ឍន៍លើរថយន្ត Peugeot 3008 ជំនាន់ថ្មី ខណៈដែលគំរូរថយន្តដំបូងគេត្រូវបានប្រទះឃើញបើកបរសាកល្បងតាមផ្លូវជាមួយការបិទបាំងតួខ្លួនដែលជាការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន។
តាមរូបភាព នៅផ្នែកខាងមុខ រថយន្ត SUV មានបំពាក់ចង្កៀងមុខរាងស្លីមងជាងមុន កាងបឺតខ្យល់ខាងក្រោមទំហំធំ ខណៈដែរ ប៉ាណាមុខត្រូវបានគ្របបិទបាំងទាំងស្រុង និងថាសកង់ដែលរំពឹងថាត្រូវបានជំនួសដោយថាសកង់ស្ព័រសម្រាប់ម៉ូដែលចុងក្រោយដែលមានលក្ខណៈពិសេសខ្ពស់ផងដែរ។
ការផ្លាស់ប្តូរធំបំផុតបើប្រៀបធៀបទៅនឹងម៉ូដែល 3008 ជំនាន់មុន គឺកញ្ចក់ខាងក្រោយរាងកោងខ្លាំង ហើយមើលឃើញផ្នែកមួយនៃចង្កៀងខាងក្រោយ LED ស្រដៀងនៅនឹងរថយន្ត Peugeot 308 hatchback និង Peugeot 408 ផងដែរ។
សម្រាប់ព័ត៌មានលម្អិតបច្ចេកទេសនៃរថយន្ត Peugeot 3008 ជំនាន់ក្រោយ នៅមិនទាន់ដឹងនៅឡើយទេ។ ក្នុងនោះរថយន្ត SUV នេះត្រូវបានគេរំពឹងថានឹងផលិតលើគ្រោងឆ្អឹង EMP2 platform ហើយនឹងត្រូវបានផ្តល់ជូនជាទម្រង់កូនកាត់ mild-hybrid, plug-in hybrid និងអគ្គិសនីសុទ្ធផងដែរ។
គួរឲ្យដឹងថា រថយន្ត Peugeot 3008 ជំនាន់ទី ២ បច្ចុប្បន្នបានបង្ហាញខ្លួននៅឆ្នាំ ២០១៦ និងទទួលបានការកែមុខមាត់ថ្មីនៅឆ្នាំ ២០២០។ កាលពីខែមុន ក្រុមហ៊ុន Peugeot បានប្រកាសពីការពង្រីកត្រកូលរថយន្តប្រភេទ SUV ជាមួយនឹងម៉ាស៊ីន Mild-hybrid ថ្មីនៅម៉ូដែលថ្មី។ បន្ថែមពីនេះ រថយន្ត Peugeot 3008 ជំនាន់ទី ៣ ថ្មីនេះ ទំនងជានឹងបង្ហាញខ្លួនជាលើកដំបូងនៅចុងឆ្នាំ ២០២៣ ឬឆ្នាំ ២០២៤៕