ប៉ុន្មានថ្ងៃមុន រថយន្ត SUV អគ្គិសនីរបស់ក្រុមហ៊ុនរថយន្តចិន Hongqi បានបង្ហាញមុខមាត់ជាផ្លូវការ មុនការដាក់លក់ជាផ្លូវការនាអំឡុងខែកញ្ញាខាងមុខសម្រាប់ទីផ្សារប្រទេសចិន។
ពេលនេះរូបភាពជាច្រើនសន្លឹកបង្ហាញអំពីពណ៌ប្លែករបស់រថយន្តអគ្គិសនី Hongqi E-HS9 ត្រូវបានបង្ហាញចេញឡើងដោយវិបសាយ CarNewsChina ដែលវាមានរចនារូបរាងខាងក្រៅជាមួយពណ៌បៃតងស្រាលមើលទៅស្អាតប្លែកខុសពីពណ៌ស និងពណ៌ស្វាយដែលបានឃើញកន្លងមក។
គួរដឹងថា Hongqi E-HS9 នឹងមានជម្រើសពីរប្រភេទ ដែលអាចផលិតកម្លាំង ២១៨សេះ និងកម្លាំង ៣៣៣សេះ។ អាគុយរបស់វាមានទំហំ ៩២,៤kWh ដូចគ្នា និងមានរយៈចម្ងាយបើកបរបាន ៥០០គ.ម ពេលសាកភ្លើងពេញ។
ផ្នែកខាងក្នុងរបស់រថយន្តមើលទៅពោរពេញដោយភាពទំនើប ដោយមានអេក្រង់រហូតដល់ទៅបួនសម្រាប់ជួរកៅអីខាងមុខ ហើយនៅជួរអ្នកខាងក្រោយមានអេក្រង់ចំនួន ៣ បន្ថែមទៀតសម្រាប់បញ្ជាលើមុខងារជាច្រើន៕