[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តចិន GAC បានបង្ហាញចេញរថយន្ត Concept ថ្មីនៅប្រទេសចិនឈ្មោះថា Space Concept ដែលជារថយន្តវ៉ែន ប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនមានរូបរាងដូចជារថយន្តមកពីអនាគតយ៉ាងអ៉ីចឹង។
រូបរាងខាងក្រៅរបស់រថយន្ត Space Concept នេះបានប្រើប្រាស់ការឌីហ្សាញបែបជ្រែកខ្យល់ (aerodynamic) ដោយមានយ៉ាន់កង់ដែលមានអង្កត់ផ្ចិតធំ ហើយផ្នែកខាងមុខគ្របដណ្ដប់ដោយផ្ទាំងប៉ាណាទំហំធំ ដែលក្រុមហ៊ុនឲ្យឈ្មោះថាជាទឹកធ្លាក់មានពន្លឺ។
នៅមួយចំហៀងនៃរថយន្តនេះមានបំពាក់ទ្វារបើកធម្មតា ខណៈដែលមួយចំហៀងទៀតមានទ្វារដែលបើកឡើងលើ ផ្ដល់ភាពងាយស្រួលក្នុងការចូលទៅក្នុងរថយន្ត។ កាប៊ីនរថយន្តបានឌីហ្សាញជាលក្ខណៈរថយន្តអគ្គិសនី ដោយសារតែ Space Concept នេះមានប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 4។
នៅផ្នែកខាងក្នុងនេះមានតាបឡូដែលមានបង្កប់ដោយអេក្រង់ចំនួនបី មានចង្កូតជាប្រភេទ Yoke ហើយមានកៅអីជួរខាងមុខមានចំនួនពីរដែលអាចបង្វិលចុះឡើងបាន អមជាមួយសាឡុងរាងអក្សរ L ដែលប្រើជាកៅអីអង្គុយជួរទីពីរ។
GAC មិនបានបង្ហាញព័ត៌មានបច្ចេកទេសអំពីរថយន្តនេះទេ គ្រាន់តែប្រាប់ថាវាមានប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែន។ យ៉ាងណាក្ដី Autocar បានរាយការណ៍ថារថយន្តនេះប្រើម៉ាស៊ីន ១,៥លីត្រ ដែលប្រើថាមពលអ៉ីដ្រូហ្សែនជាឥន្ធនៈ គឺស្រដៀងនឹងអ្វីដែល Toyota បានសាកល្បងដែរ។
រថយន្ត Space Concept នេះបានបង្ហាញវត្តមានក្នុងអំឡុងព្រឹត្តិការណ៍ GAC Tech Day ឆ្នាំ២០២២ ដោយរថយន្ត Concept នេះមិនមានគោលដៅថានឹងផលិតលក់នោះទេ ប៉ុន្តែមុខងារឌីហ្សាញមួយចំនួនអាចនឹងប្រើប្រាស់លើរថយន្តថ្ងៃអនាគត៕