កង្វះខាតនៃឈីបស៊ឺមីកុងឌុចទ័របានបង្កឲ្យក្រុមហ៊ុនផលិតរថយន្តមួយចំនួនកាត់បន្ថយចំនួនផលិត ឬឈានដល់ការផ្អាកដំណើរការរោងចក្រផលិតបណ្ដោះអាសន្នថែមទៀតហើយ ហើយមកទល់ពេលនេះបញ្ហាកង្វះខាតនេះនៅមិនទាន់ដោះស្រាយបាននៅឡើយទេ។
បើផ្អែកតាមការព្យាការណ៍ថ្មីចុងក្រោយបំផុតពី AlixPartners បានឲ្យថាវិបត្តិខ្វះខាតឈីបនេះ នឹងធ្វើឲ្យផលិតកម្មរថយន្តធ្លាក់ចុះ ៣,៩លានគ្រឿងនៅឆ្នាំ២០២១នេះ។ វាជាតួលេខដ៏ធំមួយ ហើយការធ្លាក់ចុះនេះនឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តខាតបង់សរុបប្រមាព ១១០ពាន់លានដុល្លារ។
អ្នកវិភាគរបស់ស្ថាប័ន AlixPartners បានបញ្ជាក់ថារថយន្តធម្មតាមានប្រើប្រាស់ឈីបរហូតដល់ ១៤០០គ្រាប់ ហើយតួលេខនេះនឹងបន្តកើនឡើងនៅថ្ងៃខាងមុខ ដោយសារឧស្សាហកម្មយានយន្តនាំគ្នាផ្លាស់ប្ដូរទៅកាន់ការផលិតរថយន្តអគ្គិសនី។
យ៉ាងណាក្ដី ជំនួយអាចនឹងមាននៅក្នុងពេលខាងមុខនេះ ដោយតាមការរាយការណ៍របស់ Reuters បានឲ្យដឹងថាសមាជិកសភាអាមេរិកមួយចំនួនកំពុងត្រៀមបង្ហាញចេញនូវផែនការស្នើសុំតម្លៃ ៥២ពាន់លានដុល្លារដើម្បីបង្កើនការផលិតឈីបនៅសហរដ្ឋអាមេរិក៕