ផែនការអឺរ៉ុបដែលចង់ឲ្យមានតែ EV សុទ្ធនៅឆ្នាំ២០៣៥ នោះ ត្រូវបានកែប្រែវិញហើយ

សហភាព​អឺរ៉ុប បានប្រកាសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៥ថា គម្រោង​បញ្ឈប់ការលក់រថយន្តចំហេះក្នុងទាំងស្រុងនៅត្រឹមឆ្នាំ​២០៣៥នោះ ត្រូវបានដកចេញវិញហើយ ដោយអនុញ្ញាតឲ្យបន្តលក់នូវភាគរយខ្លះ។

ការសម្រេចដកផែនការចេញវិញបែបនេះ បន្ទាប់ពី EU បាន​ទទួលរងសម្ពាធយ៉ាងខ្លាំងពីក្រុមហ៊ុនរថយន្តអឺរ៉ុបធំៗ ដែលក្រុមហ៊ុនទាំងនោះបានព្រមានពីការក្ស័យធនរបស់ពួកគេ ព្រោះតែការផលិតរថយន្តអគ្គិសនី គឺចំណាយខ្ពស់ ជាពិសេសគឺមិនអាចប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីចិនបានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផែនការថ្មីរបស់ EU មាន​គោលដៅឲ្យមាន​រថយន្តថ្មី ៩០% ដែលលក់ចាប់ពីឆ្នាំ២០៣៥ គឺមិនមានការបញ្ចេញផ្សែងនោះទេ។ ចំណែក ១០% ទៀត អាចបន្តលក់រថយន្តចំហេះក្នុង សាំង-ម៉ាស៊ូត ប៉ុន្តែត្រូវបំពាក់ Hybrid ឬជាប្រភេទ EREV។

ផែនការនេះ ក៏បានណែនាំឲ្យក្រុមហ៊ុនផលិតថយន្ត ត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចេញពីរថយន្តឲ្យដល់ ៥៥% នៅចន្លោះពីឆ្នាំ២០៣០ ដល់ ២០៣២។

គួរកត់សម្គាល់ដែរថា ការកែប្រែផែនការរបស់ EU នេះ ក៏បន្ទាប់ពីក្រុមហ៊ុន Ford របស់អាមេរិក បានប្រកាសដកខ្លួនចេញពីរថយន្តអគ្គិសនី និងវិលទៅជំរុញការផលិតរថយន្តចំហេះក្នុងវិញ និង​ក្រោយពេលដែលរដ្ឋបាល ដូណាល់ ត្រាំ ក៏បានបន្ថូរបន្ថយច្បាប់នៃការបញ្ចេញផ្សែងផងដែរ ដែលបានលើកទឹកចិត្តដល់ក្រុមហ៊ុននានា បន្តផលិតនិងលក់រថយន្តចំហេះក្នុងដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម