ការសិក្សាមួយបានរកឃើញថា ប្រសិនបើអ្នកចតរថយន្តពណ៌ខ្មៅ នៅក្រោមកម្តៅថ្ងៃ នោះវានឹងឆាប់ក្តៅ ហើយបៀមកម្តៅជាប់ក្នុងរថយន្តយូរទៀតផង។ ប្រសិនបើអ្នកយករថយន្តពណ៌ខ្មៅ និងរថយន្តពណ៌ស ទៅចតនៅក្រោមកម្តៅថ្ងៃ នោះរថយន្តពណ៌ខ្មៅនឹងក្តៅខ្លាំងជាង ហើយត្រូវចំណាយពេលយូរ ដើម្បីឱ្យវាត្រជាក់វិញ។
ការសិក្សានៅក្នុងឆ្នាំ ២០១១ មួយបានរកឃើញថា រថយន្តពណ៌ស ឬពណ៌ភ្លឺ មានចំណាំងប្លាតកម្តៅព្រះអាទិត្យ រហូតដល់ទៅ ៦០% ឯណោះ បើប្រៀបធៀបជាមួយរថយន្តពណ៌ខ្មៅ។ នេះសបញ្ជាក់ឱ្យឃើញថា រថយន្តពណ៌ខ្មៅស្រូបយកកម្តៅព្រះអាទិត្យ និងកម្តៅផ្សេងទៀតខ្លាំងជាងរថយន្តពណ៌ផ្សេង ហើយមានចំណាំងប្លាតតិចជាង។ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញទៀតថា រថយន្តពណ៌ស ឬពណ៌ភ្លឺ ជួយឱ្យរថយន្តសន្សំសំចៃសាំងបាន ២% ហើយថែមទាំងកាត់បន្ថយការបញ្ចេញកាបូន ជិត ២% ផងដែរ។
យ៉ាងណាក៏ដោយ សីតុណ្ហភាពនៅក្នុងរថយន្តពណ៌ខ្មៅ និងរថយន្តពណ៌ផ្សេងទៀត មិនមែនជាបញ្ហាធំឡើយ នៅពេលដែលរថយន្តរបស់អ្នកមានប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលដំណើរការល្អ និងត្រជាក់ខ្លាំង៕