ពេលបើកបររថយន្ត ត្រូវយកឯកសារ៣ តាមខ្លួនជាប់ជានិច្ច ខ្លាចក្រែងប៉ូលីសសួររក

បងប្អូន​ប្រជាពលរដ្ឋ នឹងសម្រុកធ្វើដំណើរច្រើន​នៅថ្ងៃឈប់សម្រាកបុណ្យអុំទូក​ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់​អ្នកបើកបរ ឬម្ចាស់រថយន្ត ដាច់ខាតមិនត្រូវភ្លេចយកឯកសារ ចំនួន៣នេះឡើយ គឺបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ (កាតគ្រី) និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត រួមមាន៖

១. បណ្ណបើកបរយានយន្ត ឬ ពាក់មីច្បាប់ដើម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី ដែលមាន QR Code អាចប្រើច្បាប់ថតចម្លងបាន។ ប៉ុន្តែកាតគ្រីស៊េរីចាស់មិនមាន QR Code គឺត្រូវមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះ។

៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក អាចប្រើឯកសារ ច្បាប់ថតចម្លងបាន។

សូមបញ្ជាក់បន្ថែមថា សម្រាប់បណ្ណបើកបរ និងឆៀក គឺត្រូវមានសុពលភាព ហើយជាមួយគ្នានេះ ក៏មិនត្រូវភ្លេចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ តាមកាលកំណត់ផងដែរ។

ដោយឡែក​ ចំពោះ​រថយន្ត​ដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែម​នូវលិខិតអនុញ្ញាតឲ្យយានយន្ត​ធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់​ ឯកសារច្បាប់ថតចម្លង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម