ថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញវីដេអូបង្ហាញសកម្មភាពរបស់មន្រ្តីនគរបាលចរាចរណ៍ ចុះអប់រំណែនាំដល់អ្នកបើកបរ ដែលល្មើសស្តុបក្រហម នៅស្តុបក្តាន់២ លើមហាវិថីសហព័ន្ធរុស្ស៊ី។ អ៊ីចឹង តើអ្នកបើកបរ ត្រូវគោរពភ្លើងសញ្ញាចរាចរណ៍បែបណាខ្លះ ដើម្បីត្រឹមត្រូវស្របតាមច្បាប់ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ឬអាចនឹងមានការផាកពិន័យផ្សេងៗ?
យោងតាមមាត្រា១១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម បានចែងថា ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្ន ត្រៀមឈប់។ ពណ៌បៃតង ជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ និងពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់។

នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហម ដែលជាសញ្ញាឃាត់ឲ្យឈប់ គឺអ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌ស កាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខចច យានជំនិះខាងស្តាំបំផុត អាចបត់ស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ។
យោងតាមច្បាប់ដដែលនេះ ប្រសិនអ្នកបើកបរយានយន្ត មិនគោរពភ្លើងចរាចរណ៍ពណ៌ក្រហម មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព និងមិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍ គឺនឹងត្រូវកាត់បន្ថយពិន្ទុបណ្ណបើកបរ ចំនួន ៣ពិន្ទុ ខណៈបានបណ្ណបើកបរមានពិន្ទុសរុប ១២ពិន្ទុ៕


















