[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Isuzu D-Max V-Cross ស៊េរីឆ្នាំ ២០២៤ មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២៣ ៩២៣ ដុល្លារ ដល់ ៣០ ៩២៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
សម្រាប់ភីកអាប់ Isuzu D-Max V-Cross របស់ទីផ្សារប្រទេសចិន បានផ្លាស់ប្តូរសម្រាប់លក្ខណៈពិសេសមួយចំនួនសម្រាប់ផ្តោតទៅលើអតិថិជនរបស់ខ្លួន។ សម្រាប់នៅផ្នែកខាងក្រៅមើលទៅមិនមានភាពខុសគ្នាច្រើនពីម៉ូដែលចេញលក់នៅលើទីផ្សារពិភពលោកទេ ប៉ុន្តែចំណុចសំខាន់គឺម៉ាស៊ីន និងកាប៊ីនខាងក្នុងដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អតិថិជនចិន។
ចំពោះនៅផ្នែកខាងក្នុងវិញ កុងសូលខាងមុខដែលត្រូវបានរចនាឡើងវិញទាំងស្រុង ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និង អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាមួយនឹងភ្លើងលម្អនៅលើបន្ទះកុងសូលខាងមុខ ដែលអាចលៃតម្រូវបានដល់ទៅ ៦៤ ពណ៌, កៅអីដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៨ របៀប, ប្រព័ន្ធប្រអប់លេខអេឡិចត្រូនិច, ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតខ្សែជាដើម។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ នៅក្នុងប្រទេសចិនជ្រើសរើសបំពាក់ម៉ាស៊ីនចំណុះ ១,៩ លីត្រ ប្រភេទ Ddi BluePower ទំហំ ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួលកើនឡើងដល់ ៤១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦ វគ្គ ៕