[ទីផ្សារបរទេស] ផ្អែកតាមវិបសាយតាមដានមួយ បានឲ្យដឹងថារថយន្ត Tesla Cybertruck បានទទួលការកុម្ម៉ង់ទិញរហូតដល់ ១,៥លានគ្រឿងហើយ ដែលនេះជាចំនួនមហាសាលមួយ ត្បិតថារថយន្តនេះបានបន្តពន្យារពេលចេញលក់ច្រើនលើកច្រើនសាក្ដី។
រថយន្ត Cybertruck ត្រូវបានរំពឹងថានឹងចូលរោងចក្រផលិតនៅចុងឆ្នាំ២០២៣ ដែលយឺតជាងកាលបរិច្ឆេទនៃការផលិតដំបូងរយៈពេលពីរឆ្នាំ។
កាលពីខែសីហា មានការឲ្យដឹងថា Cybertruck នេះទទួលបានការកុម្ម៉ង់សរុប ១,២លានគ្រឿង ហើយក្នុងពេលបីខែប៉ុណ្ណោះ មានការកុម្ម៉ង់បន្ថែម ៣០ម៉ឺនគ្រឿង។
ជាមួយការតម្កល់ប្រាក់ ១០០ដុល្លារ ដើម្បីកុម្ម៉ង់ មានន័យថា Tesla មានទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ បានពីការកុម្ម៉ង់ ប៉ុន្តែទឹកប្រាក់អាចប្រគល់ជូនអតិថិជនវិញ។ គួរដឹងចំនួនកុម្ម៉ង់នេះមិនមានន័យថាជាចំនួនលក់ជាក់ស្ដែងនោះទេ ព្រោះថាអតិថិជនមួយចំនួនអាចនឹងលុបចោលការកុម្ម៉ង់វិញ។
គូប្រជែងខ្លាំងធំរបស់ Cybertruck គឺរថយន្ត F-150 Lightning ដែលគូប្រជែងនេះទទួលបានការឡើងថ្លៃពីរលើកមកហើយចាប់តាំងពីប្រកាសចេញលក់ក្នុងឆ្នាំនេះ កើនពីតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ឡើងមកដល់ចាប់ពី ៥១ ៩៧៤ដុល្លារ៕