
[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Nissan Z9 ស៊េរីថ្មីចុងក្រោយ ប្រភេទ PHEV ជាមួយតម្លៃលក់ pre-sale ចាប់ពី ២៤ ១៩០ ដុល្លារឡើងទៅ នៅប្រទេសចិន ។
ភីកអាប់ Nissan Z9 ដំណើរដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសុរប ៤៣០ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ដែលអាចបើកបរបានចម្ងាយ ១៣៥ គីឡូម៉ែត្រពីការប្រើថាមពលអគ្គិសនីសុទ្ធ ខណៈ ដោយចាក់សាំងពេញ បូកទាំងថាមពលអគ្គិសនី អាចបើកបរបានចម្ងាយ ១ ១០០ គីឡូម៉ែត្រ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៥២០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៩៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមាន ប៉ាណាមុខឌីស្សាញរាងជាសំណាញ់ធំ ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ Z ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ឌីស្សាញបែប unique ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្តទាំងស្រុង ក៏ដូចជាងកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរ L2 Driver Assistance System ផងដែរ ៕