[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC GM និង Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Baojun Yep ប្រភេទភីកអាប់ខ្នាតតូចប្រើថាមពលអគ្គិសនីសុទ្ធទ្វារ ៣ គ្រោងនឹងធ្វើការចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២៤ ជាមួយតម្លៃលក់រំពឹងថា ១មុឺនដុល្លារជាងប៉ុណ្ណោះ។
សម្រាប់រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៣៨១ ម.ម ទទឹង ១ ៦៨៥ ម.ម កំពស់ ១ ៧២១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ១១០ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅផ្អែកទៅលើរថយន្ត Baojun Yep EV រាងជាប្រអប់ជ្រុង ដោយនៅផ្នែកខាងមុខមានប៉ាណាជាប់ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ដំបូល roof rack ថាសកង់ស្ព័រប្រភេទ Off-road ព្រមទាំងកង់សាគួរផ្នែកខាងក្រោយផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីចំនួន ២ប៉ុណ្ណោះ ដោយសារផ្នែកខាងក្រោយត្រូវបានកាត់ចេញ និងប្តូរជារថយន្តភីកអាប់ ខណៈនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៨ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕