បច្ចុប្បន្នគេឃើញមានក្រុមហ៊ុនជាច្រើនបានផលិតរថយន្តថ្មីៗដោយបានបំពាក់នូវម៉ាស៊ីនម៉ាស៊ូត ក៏ព្រោះតែម៉ាស៊ីនម៉ាស៊ូតមានចំណុចល្អមួយចំនួនដែលអាចបំពេញសេចក្ដីត្រូវការរបស់អតិថិជនបាន។ ខាងក្រោមគឺជាចំណុចល្អមួយចំនួនរបស់រថយន្តម៉ាស៊ីនម៉ាស៊ូត៖
១. ម៉ាស៊ូតមិនធ្វើឲ្យប៉ះពាល់បរិស្ថាននិងបញ្ចេញសំឡេងខ្លាំងទៀតនោះទេ
ដោយសារតែបច្ចេកវិទ្យាម៉ាស៊ីនថ្មីនាពេលបច្ចុប្បន្នបានធ្វើឲ្យរថយន្តម៉ាស៊ូតមានសំឡេងស្ងាត់ល្អ និងមិនបញ្ចេញផ្សែងពុលពណ៌ខ្មៅទៅក្នុងបរិយាកាសទៀតនោះទេ។
២. កម្លាំងខ្លាំង
មូលហេតុមួយដែលធ្វើឲ្យរថយន្តធន់ធំប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតគឺដោយសារតែវាអាចផ្ដល់កម្លាំងបានខ្លាំងជាងម៉ាស៊ីនដែលប្រើប្រេងសាំង។ ម៉ាស៊ីនម៉ាស៊ូតរបស់រថយន្ត Audi ទំហំ៣លីត្រ មានកម្លាំងបង្វិលដល់ទៅ៥៨០ញ៉ូតុនម៉ែត្រ ចំណែកឯម៉ាស៊ីនប្រេងសាំងដែលមានទំហំដូចគ្នាមានកម្លាំងបង្វិលតែ៤៤០ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។
៣. រក្សាតម្លៃបានល្អជាងរថយន្តដទៃ
យោងតាមការស្រាវជ្រាវរបស់វិបសាយ ALG បានបង្ហាញថា បន្ទាប់ពីប្រើប្រាស់បាន៣៦ខែ រថយន្តម៉ាស៊ូតអាចរក្សាតម្លៃដើមបាន៦៣ភាគរយ រថយន្តប្រេងសាំង៥៣ភាគរយ និង រថយន្ត Hybrid បាន៥៥ភាគរយ។ នេះមានន័យថា រថយន្តម៉ាស៊ូតដែលប្រើហើយអាចលក់បានថ្លៃជាងគេក្នុងចំណោមរថយន្តទាំងបីប្រភេទ។
៤. ជិះបានចម្ងាយឆ្ងាយជាងរថយន្តម៉ាស៊ីនសាំង
ម៉ាស៊ីនម៉ាស៊ូតផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងម៉ាស៊ីនប្រើសាំង ពោលគឺប្រមាណពី២៥ទៅ៣០ភាគរយបន្ថែមពីចម្ងាយដែលម៉ាស៊ីនសាំងអាចផ្ដល់ឲ្យបាន។
៥. មានអាយុកាលវែង
អាយុកាលរបស់ម៉ាស៊ីនម៉ាស៊ូតគឺវែងជាងម៉ាស៊ីនសាំងប្រមាណជាបីដងឯណោះ។ ម៉ាស៊ីនសាំងត្រូវការការជួសជុលឡើងវិញបន្ទាប់ពីជិះបានចម្ងាយ២០០ ០០០គ.ម ចំណែកឯម៉ាស៊ីនម៉ាស៊ូតវិញជិះចម្ងាយ ៦០០ ០០០គ.មទើបត្រូវការជួសជុលឡើងវិញម្ដង។
៦. ប្រេងម៉ាស៊ូតមានតម្លៃថោកជាងប្រេងសាំង
នេះគឺជាហេតុផលមួយដ៏សំខាន់ក្នុងការប្រើប្រាស់រថយន្តម៉ាស៊ូត ព្រោះអ្នកបើកបររថយន្តមួយចំនួនធំគឺមិនចង់ចំណាយច្រើនទៅលើថាមពលឥន្ធនៈនោះទេ៕