រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឪកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ក្នុងនោះ ១០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងអាកាសយដ្ឋានអន្តរជាតិតេជោ និង ៥០០គ្រឿងសម្រាប់ទៅមកភ្នំពេញ និងបណ្តាខេត្តនានា។

ខាងក្រោមនេះ គឺជាទីតាំងសម្រាប់ចេញដំណើរ៖
១. គោលដៅទៅខេត្តព្រៃវែង និងស្វាយរៀង៖ ទីតាំងចេញដំណើរនៅស្ថានីយក្រុងវាលស្បូវ។
២. គោលដៅ ទៅខេត្តកណ្តាល និងតាកែវ៖ ទីតាំងចេញដំណើរនៅស្ថានីយរថយន្តក្រុងចាក់អង្រែលើ។
៣. គោលដៅទៅខេត្ត កែប កំពត កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង៖ ទីតាំងចេញដំណើរនៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤។
៤. គោលដៅទៅខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន៖ ទីតាំងចេញដំណើរនៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ។
៥. គោលដៅទៅខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៖ ទីតាំងចេញដំណើរនៅដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ ពោលគឺនៅរង្វង់មូលទេពមច្ឆា)។
៦. គោលដៅទៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី៖ ទីតាំងចេញដំណើរនៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។
សម្រាប់ពេលវេលាចេញដំណើរនៅតាមស្ថានីយទាំងអស់គឺចាប់ពីម៉ោង ៦កន្លះព្រឹករហូតដល់ម៉ោង ១១កន្លះព្រឹក៕















