មកដឹងពីកិច្ចសន្យាជួសជុលរថយន្តដែលមាន២កម្រិត ពេលចូលឆៀកឃើញមានចំណុចខូចខាត

នៅពេលលោកអ្នកយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក បើចេញលទ្ធផលជាប់ គឺនឹងទទួលបានវិញ្ញាបនបត្រ និងលតាបត្រឆៀកនាពេលនោះតែម្តង។ ប៉ុន្តែបើពិនិត្យឃើញរថយន្តមានចំណុចខូចខាតវិញ គឺត្រូវធ្វើកិច្ចសន្យាបញ្ជាជួសជុល ដោយមាន២កម្រិត។ នេះបើយោងតាមប្រកាសលេខ១៧០ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ។

សម្រាប់កិច្ចសន្យាបញ្ជាជួសជុលកម្រិត១៖ គឺជាចំណុចខូចខាតដែលមិនបណ្តាលឲ្យប៉ះពាល់សុវត្ថិភាពយាននៅពេលធ្វើចរាចរណ៍ ប៉ុន្តែនៅតែទទួលបានវិញ្ញាបនបត្រ និងលតាបត្រឆៀកដដែល ដោយបន្ថែមនូវការភ្ជាប់ជាមួយកិច្ចសន្យាបញ្ជាជួសជុល ដើម្បីឲ្យម្ចាស់យកយានទៅធ្វើការជួសជុល កែតម្រូវនូវចំណុចខូចខាត មានចែងក្នុងកិច្ចសន្យានេះ ឲ្យសបតាមបទដ្ឋានបច្ចេកទេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកកិច្ចសន្យាបញ្ជាជួសជុលកម្រិត២ គឺជាចំណុចខូចខាតដែលបណ្តាលឲ្យប៉ះពាល់សុវត្ថិភាពយាននៅពេលធ្វើចរាចរណ៍ ហើយមិនទាន់អាចទទួលបានវិញ្ញាបនបត្រ និងលតាបត្រឆៀកនោះទេ។ ម្ចាស់យាន ត្រូវយកទៅជួសជុល កែតម្រូវនូវចំណុចខូចខាតដែលមានចែងក្នុងកិច្ចសន្យានេះឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវយកយាននោះមកត្រួតពិនិត្យឡើងវិញក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញកិច្ចសន្យានេះ ប៉ុន្តែមិនតម្រូវឲ្យបង់កម្រៃសេវាទៀតឡើយ។ យ៉ាងណាមិញ បើលើសពីរយៈពេលដែលបានកំណត់ គឺត្រូវបង់កម្រៃសេវាសាធារណៈឡើងវិញ ហើយមិនតែប៉ុណ្ណោះ គឺត្រូវជូនដំណឹងអំពីមូលហេតុនៃការយឺតយ៉ាវនេះផងដែរ។

សូមជម្រាបថា ដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មាន២ផ្នែក គឺត្រួតពិនិត្យដោយភ្នែក និងត្រួតពិនិត្យដោយឧបករណ៍។ ការត្រួតពិនិត្យដោយភ្នែក គឺការត្រួតពិនិត្យភិនភាគទូទៅ ការពិនិត្យផ្នែកខាងក្រៅ និងការពិនិត្យគ្រឿងក្រោមយានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ២៥ចំណុច។ ចំណែកការត្រួតពិនិត្យដោយឧបករណ៍ គឺត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់យានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ៩ចំណុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម