បណ្ណបើកបរជាតិ មានចំនួន ៥ប្រភេទរួមមាន ប្រភេទ ក ខ គ ឃ និង ង។ អ្នកកាន់បណ្ណបើកបរ ត្រូវបានកំណត់ចាប់ពីអាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ, អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១ និងអាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង។

១. បណ្ណបើកបរ ប្រភេទ កៈ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត។
២. បណ្ណបើកបរ ប្រភេទ ខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។
៣. បណ្ណបើកបរ ប្រភេទ គៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមានលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
៤. បណ្ណបើកបរប្រភេទ ឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ក្នុងនោះ រួមមាន ឃ១ និង ឃ២។ សម្រាប់ឃ១ រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ (គិតទាំងអ្នកបើកបរ) និងសណ្តោងរ៉ឺម៉កមានទម្ងន់អតិបរមាមិនលើស ០,៧៥តោន។ សម្រាប់ឃ២ រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ (គិតទាំងអ្នកបើកបរ) និងសណ្តោងរ៉ឺម៉កមានទម្ងន់អតិបរមាមិនលើស ០,៧៥តោន។
៥. ប្រភេទ ងៈ សម្រាប់ប្រភេទនេះ គឺអាចបើកបររថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ហើយត្រូវចែកជា ៣ប្រភេទ គឺប្រភេទ ង(ខ) ប្រភេទ ង(គ) និងប្រភេទ ង(ឃ)។

ប្រសិនបើអ្នកបើកបរ ប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន នឹងត្រូវរងការពិន័យទឹកប្រាក់ចំនួន ១៨០ ០០០រៀល (សម្រាប់អ្នកបើកបរយានយន្តធុនស្រាល) និង ៣៧៥ ០០០រៀល (សម្រាប់អ្នកបើកបរយានយន្តធុនធ្ងន់)។ នេះបើយោងតាមអនុក្រឹត្យលេខ៣៩ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ចំណែក អ្នកបើកបរយានយន្តដោយគ្មានបណ្ណបើកបរស្របតាមច្បាប់ ឬបើកបរយានយន្តក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍ នូវទឹកប្រាក់ចំនួន ១ ២០០ ០០០ រៀល សម្រាប់យានយន្តធុនស្រាល និង ២ ៤០០ ០០០រៀល សម្រាប់យានយន្តធុនធ្ងន់៕


















