[ទីផ្សារបរទេស] ២០២១គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តមួយចំនួននៅជុំវិញពិភពលោក ដោយជាឆ្នាំដែលជំងឺកូវីដ១៩បន្តរាតត្បាតបង្ខំឲ្យក្រុមហ៊ុនរថយន្តត្រូវផ្អាកការផលិតអស់ជាយូរ រួមទាំងវិបត្តិខ្វះខាតឈីបសកលដែលបន្តរួមរឹតមកទល់បច្ចុប្បន្នថែមទៀត។
ប៉ុន្តែ Chery ដែលជាម៉ាករថយន្តចិនមួយ បានបង្កើតកាលពីឆ្នាំ១៩៩៧ ហាក់មិនមានផលប៉ះពាល់អ្វីឡើយកាលពីឆ្នាំ២០២១ បើផ្អែកតាមលទ្ធផលដ៏អស្ចារ្យរបស់ក្រុមហ៊ុន។ នៅឆ្នាំ២០២១ ម៉ាករថយន្តនេះអាចលក់រថយន្តបានសរុប ៩៦១ ៩២៦គ្រឿង កើនឡើង ៣១,៧% ធៀបនឹងឆ្នាំ២០២។
បន្ថែមពីនេះផងដែរមានរថយន្តចំនួន ២៦៩ ១៥៤គ្រឿង គឺជារថយន្តដែលនាំចេញ ដែលតួលេខនេះគឺមានកំណើន ១៣៦,៣% ឯណោះ បើធៀបនឹងឆ្នាំចាស់។ ជាមួយលទ្ធផលនេះ Chery បន្តក្លាយជាក្រុមហ៊ុនចិនដែលនាំចេញរថយន្តច្រើនជាងគេ រយៈពេល ១៩ឆ្នាំជាប់ៗគ្នា។
Chery ក៏ជាក្រុមហ៊ុនចិនដំបូងដែលនាំចេញរថយន្តលើសពី ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយទីផ្សារដែលនាំចេញធំជាងគេគឺប្រទេសប្រេស៊ីល, អ៊ុយក្រែន, រុស្ស៊ី, ឈីលី, វេណេហ៊្សុយអេឡា, កូឡុំប៊ី និងប្រទេសអ៊ុយរ៉ាហ្គាយជាដើម៕