មកស្គាល់ឡាន Toyota Yaris ដែលដំណើរការដោយអ៉ីដ្រូហ្សែន

ក្រុមហ៊ុន Toyota បានបង្ហាញចេញប្រភេទ concept នៃរថយន្ត GR Yaris ដែលមានដំណើរការដោយថាមពលអ៉ីដ្រូហ្សែន ដែលជារថយន្តមួយកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍នៅឡើយ។

Toyota បាននិយាយថាឧស្ម័នអ៉ីដ្រូហ្សែន ធុងផ្ទុកអ៉ីដ្រូហ្សែន និងដំណើរការនៃការចាក់អ៉ីដ្រូហ្សែននៃរថយន្ត concept នេះគឺដូចគ្នាទៅនឹងរថយន្ត Toyota Mirai ប៉ុន្តែចំណុចដែលខុសប្លែកនោះគឺរថយន្តនេះមានម៉ាស៊ីនពីស្តុងដែលដំណើរការដោយឧស្ម័នអ៉ីដ្រូហ្សែន ខុសពី Toyota Mirai ដែលប្រើប្រាស់ប្រតិកម្មគីមីនៃឧស្ម័នដើម្បីបង្កើតបានជាថាមពលដំណើរការរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនជប៉ុននេះបាននិយាយថាបច្ចេកវិទ្យាម៉ាស៊ីនពីស្តុងដែលប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនគឺនៅស្ថិតនៅក្នុងដំណាក់កាលសាកល្បងដំបូងនៅឡើយ ដែលការបង្កើតនៃបច្ចេកវិទ្យានេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ បន្ថែមពីនេះក្រុមហ៊ុនក៏បានបញ្ជាក់ថាបច្ចេកវិទ្យានេះហាក់នៅឆ្ងាយពីការប្រើប្រាស់ធម្មតាណាស់។

ដោយឡែក សម្រាប់ម៉ាស៊ីនពីស្តុងនៃរថយន្តនេះគឺជាម៉ាស៊ីន G16E-GTS ចំណុះ១,៦លីត្រ ៣ស៊ីឡាំង turbo ដូចដែលមានប្រើក្នុងរថយន្ត GR Yaris ធម្មតា ដោយគ្រាន់តែកែសម្រួលប្រព័ន្ធឲ្យវាទាមទារនូវឧស្ម័នអ៉ីដ្រូហ្សែនជំនួសប្រេងឥន្ធនៈ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម