
នេះគឺជា JCB Hydromax រថយន្តដើរដោយថាមពលអ៊ីដ្រូសែន ដែលបានបំបែកកំណត់ត្រាពិភពលោកថ្មី ដោយក្លាយជារថយន្តដើរដោយថាមពលអ៊ីដ្រូសែនលឿនបំផុតនៅក្នុងពិភពលោក ដែលអាចរត់បានល្បឿនជាមធ្យមរហូតដល់ទៅ ៤០៦,៣២ ម៉ាយក្នុងមួយម៉ោង ឬ ៦៥៣,៩ គីឡូម៉ែត្រ/ម៉ោង។

ក្នុងនោះ ក្នុងការបំបែកកំណត់ត្រាថ្មីនេះ រថយន្តនេះ គឺត្រូវបានបើកបរដោយលោក Andy Green ដែលជាអតីតវរសេនីយ៍ទោនៃកងទ័ពអាកាសភូមិន្ទអង់គ្លេស ដោយលោក Andy Green ផ្ទាល់ លោកគឺធ្លាប់បានបំបែកកំណត់ត្រាពិភពលោកធំៗចំនួន ២ដង ពោលគឺនៅក្នុងឆ្នាំ ១៩៩៧ លោកបានក្លាយជាមនុស្សដំបូង និងតែម្នាក់គត់នៅលើពិភពលោក ដែលបានបើកបររថយន្ត ThrustSSC ក្នុងល្បឿនរហូតដល់ទៅ ១,២២៨ គីឡូម៉ែត្រ/ម៉ោង ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ រថយន្តនេះ វានៅតែរក្សានាមជាយានជំនិះនៅលើដី ដែលអាចរត់លឿនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំ ២០០៦ លោកក៏បានបំបែកកំណត់ត្រាពិភពលោក ជាមួយរថយន្ត JCB Dieselmax ក្នុងល្បឿនដល់ទៅ ៣៥០ ម៉ាយក្នុងមួយម៉ោងផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការបំបែកកំណត់ត្រារបស់រថយន្ត JCB Hydromax ថ្មីនេះ គឺត្រូវបានធ្វើឡើងនៅក្នុងវាលទំនាប Bonneville Salt Flats ដែលមានទីតាំងស្ថិតនៅភាគពាយព្យនៃរដ្ឋ Utah របស់សហរដ្ឋអាមេរិក ដោយលក្ខណៈពិសេសរបស់រថយន្តនេះ គឺមានប្រវែង ៣២ ហ្វីត, រចនាឡើងជារាងដូចគ្រាប់រ៉ុក្កែត, ប្រើប្រាស់នូវម៉ាស៊ីនកែច្នៃចេញពីគ្រឿងចក្រកាយដីធម្មតារបស់ក្រុមហ៊ុន JCB អាចផលិតកម្លាំងបាន ១,៦០០ សេះ។ អ្វីដែលពិសេសបំផុតនោះ ការបញ្ចេញផ្សែង ឬកាកសំណល់ផ្សេងៗចេញពីបំពង់ស៊ីម៉ាំងរបស់រថយន្តនេះ គឺមានតែចំហាយទឹកប៉ុណ្ណោះ ពោលគឺគ្មានផ្សែងពុលសូម្បីតែបន្តិចនោះឡើយ៕



















