[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត SUV ប្រភេទ Off-Road M-Hero 917 Dragon Armor Edition ជាមួយតម្លៃលក់ចាប់ពី ១០៩ ០០០ ដុល្លារ ដល់ ១២៣ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥២ ម.ម កម្ពស់ ២ ០៥៩ ម.ម ទទឹង ២ ១៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ដំណើរការដោយ៖
- ម៉ាសុីនចំហេះក្នុង Extended-Range Electric Vehicle (EREV) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ទំហំ ១៩៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន២ អាចបើកបរបានចម្ងាយ ១ ០៣២ គីឡូម៉ែត្រ។
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ 4WD អាចផលិតកម្លាំងបាន ១ ០៧៣ សេះ អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមានភាពអំណាច និងហាប់ណែនខ្លាំង ដោយបំពាក់ប៉ាណាមុខរចនាបែបមាត់នាគ អបជាមួយចង្កៀងមុខ LED ឌីស្សាញថ្មីរាងអក្សរ X និងកាងដែក ចំណែកផ្នែកចំហៀងបំពាក់ជាមួយថាសកង់ដែកឌីស្សាញថ្មីស្រោបជាមួយសំបកកង់ប្រភេទ Off-Road និងឈ្នាន់ជាន់ដែក រួមនឹងធ្នើរដាក់ឥវ៉ាន់លើដំបូល ខណៈផ្នែកខាងក្រោយត្រូវបានរចនាបំពាក់ជាមួយគ្លប់ទ្វារដៃ និងចង្កៀង LED រាងអក្សរ T ។
ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយអេក្រង់ចំនួន ៣ សម្រាប់អ្នកបើកបរ និងអ្នកដំណើរផ្នែកខាងមុខ រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕