របកគំហើញអស្ចារ្យមួយទាក់ទងនឹងបច្ចេកវិទ្យានៃអាគុយរថយន្តត្រូវបានលេចមុខឡើង ក្រោមកិច្ចសហការរបស់អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Samsung Advanced Institute of Technology ជាមួយអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Samsung R&D Institute Japan។
អ្នកស្រាវជ្រាវបានសាកល្បងដកបន្ទះលោហៈលីចូមដែលមានលើអាគុយស្ងួតចេញដោយជំនួសមកវិញនូវបន្ទះកាបូនប្រាក់។ ក្រោមការសាកល្បងនេះ គេអាចធ្វើឲ្យអាគុយមានទំហំផ្ទុកធំជាងមុន មានវដ្ដជីវិតវែងជាងមុន និងបង្កើនកម្រិតសុវត្ថិភាពជារួមទាំងអស់។
ជាមួយរបកគំហើញនេះអាចផ្ដល់ចម្ងាយបើកបរដល់រថយន្តអគ្គិសនីបានប្រមាណ ៨០០ គីឡូម៉ែត្រ និងមានវដ្ដជីវិតនៃការសាកថ្មលើសពី ១ ពាន់ដង។ នេះមានន័យថាអាគុយរថយន្តអគ្គិសនីគឺអាចប្រើប្រាស់បានលើសពីចម្ងាយ ៨០០ ០០០ គីឡូម៉ែត្រឯណោះ។ អាគុយប្រភេទនេះដែរ ក៏មានល្បឿនសាកលឿនជាងអាគុយអ៊ីយ៉ុងលីចូមនាពេលបច្ចុប្បន្នផងដែរ។
យ៉ាងណាក្ដីរបកគំហើញលើអាគុយស្ងួតនេះ គឺត្រូវប្រើប្រាស់ពេលច្រើនឆ្នាំទៀតដើម្បីអាចចូលរោងចក្រផលិតជាផ្លូវការ។ ប៉ុន្តែវានឹងជាផ្នែកមួយដែលក្រុមហ៊ុនផលិតរថយន្តអាចនឹងធ្វើការអភិវឌ្ឍយ៉ាងយកចិត្តទុកដាក់៕