[ទីផ្សារបរទេស] តម្លៃរថយន្តថ្មី និងរថយន្តមួយទឹកលើទីផ្សារសហរដ្ឋអាមេរិកមានការកើនឡើងគួរកត់សម្គាល់ក្រោយកើតមានវិបត្តិកូវីដ១៩ដែលធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងបន្លាស់ផលិតរថយន្ត។
ជាក់ស្ដែងដូចជារថយន្ត Ford F-150 Lightning Platinum ស៊េរីឆ្នាំ២០២២ ដែលជារថយន្តប្រើរួច បានដាក់លក់ក្នុងតម្លៃដល់ទៅ ១៩៣ ៩៨៨ដុល្លារ លើសតម្លៃចេញពីរោងចក្រដែលលក់មិនដល់ ១០ម៉ឺនដុល្លារផង។ នេះមិនមែនជាយុទ្ធសាស្ត្រទាក់ទាញអ្វីនោះទេ ព្រោះតំណាងហាងលក់រថយន្ត World Ford Pensacola នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថាការដាក់តម្លៃខ្ពស់នេះគឺដោយសាររថយន្ត Lightning មានតម្រូវការច្រើនពេក។
ហាងលក់ខាងលើបានទិញរថយន្ត F-150 Lightning Platinum នេះពីឈ្មួញម្នាក់ ដែលមានន័យថារថយន្តនេះធ្លាប់មានម្ចាស់រួចមកហើយ ហើយលើវិបសាយបានបញ្ជាក់ផងដែរថារថយន្តនេះបានបើកបរបានចម្ងាយ ១៣៩ម៉ាយ រួចទៅហើយ និងមានពណ៌ខាងក្រៅជាប្រភេទ Iced Blue Silver Metallic។
គួរដឹងថា តម្លៃចេញពីរោងចក្រសម្រាប់ Ford F-150 Lightning ស៊េរីឆ្នាំ២០២២ គឺមានចាប់ពីប្រមាណ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ សម្រាប់ប្រភេទ Pro ខណៈដែលប្រភេទ Platinum មានតម្លៃចាប់ពីប្រមាណជាង ៩ម៉ឺនដុល្លារ៕