នាពេលថ្មីៗនេះ Mercedes-AMG បានបញ្ចេញកំពូលរថយន្ត Sedan របស់ខ្លួនម៉ូដែល S65 Final Edition ដែលមានការរចនាយ៉ាងទាក់ទាញកប់តែម្តង។
Mercedes-AMG S65 Final Edition នេះមានតួខ្លួនពណ៌ខ្មៅរលោង (Obsidian Black), ប៉ាណាពណ៌ទឹកប្រាក់, យ៉ាន់អាលុយមីញ៉ូមទំហំ ២០ អ៊ីញ ពណ៌ទង់ដែងគ្រើម ហើយកាងមុខ-ក្រោយ និងចំហៀងក៏មានពណ៌ទង់ដែងគ្រើមដែរ។
យើងអាចសម្គាល់ម៉ូដែល Final Edition នេះបានលើចំណុចពិសេសចំនួន ៣ គឺ គម្របបំពង់ស៊ីម៉ាំងពណ៌ខ្មៅរលោង, ឡូហ្គូលើសសរទី៣ (C-pillar) និង ពាក្យ “One Man – One Engine” នៅលើម៉ាស៊ីនរបស់វា។
ចំណែកឯផ្នែកខាងក្នុងវិញ ក៏មិនខុសពីម៉ូដែល S-Class ដទៃទៀតប៉ុន្មានឡើយ ប៉ុន្តែយើងអាចសម្គាល់ឃើញពាក្យ “S65 Final Edition” លើដៃចង្កូតតែម្តង។
S65 Final Edition ប្រើម៉ាស៊ីនចំណុះ ៦,០ លីត្រ Twin-turbo ទំហំ ១២ ស៊ីឡាំង មានកម្លាំង ៦២១ សេះ អាចឲ្យវាស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,១ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រុមហ៊ុន Mercedes-AMG នឹងផលិតកំពូលរថយន្ត Sedan ខាងលើ ត្រឹមតែ ១៣០ គ្រឿងប៉ុណ្ណោះ៕