មិនទាន់អីផង CEO និង CFO ក្រុមហ៊ុនផលិតឡានអគ្គិសនីមួយនេះលាលែងពីតំណែងបាត់

នាយកប្រតិបត្តិ និងនាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោង Lordstown Motors បានសម្រេចចិត្តលាលែងតំណែងរបស់ខ្លួន  ហើយការលាលែងនេះត្រូវមានប្រសិទ្ធភាពភ្លាមៗទៀតផង។

លោក Steven Burns អតីត CEO របស់ក្រុមហ៊ុន Lordstown Motors

បើផ្អែកតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Lordstown Motors បានឲ្យដឹងថាការផ្លាស់ប្ដូរតំណែងនេះគឺជារឿងចាំបាច់បំផុត ដោយសារតែក្រុមហ៊ុនកំពុងស្ថិតនៅក្នុងការផ្លាស់ប្ដូរពីការផលិតដំណាក់កាលដំបូង ទៅកាន់ការផលិតពេញលេញ។

គួរចាប់អារម្មណ៍ថាការលាលែងនៃតំណែងនេះត្រូវបានប្រកាសស្របពេលដែលមានការចេញផ្សាយលទ្ធផលពីគណៈកម្មការស៊ើបអង្កេតពិសេសអំពីការលើកឡើងរបស់ក្រុមហ៊ុនស្រាវជ្រាវ Hindenburg Research។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែមីនាកន្លងទៅក្រុមហ៊ុន Hindenburg Research បានអះអាងថាទិន្នន័យអំពីការកុម្ម៉ង់រថយន្តរបស់ក្រុមហ៊ុន Lordstown គឺស្ទើរតែក្លែងក្លាយទាំងស្រុង ខណៈដែលក្រុមហ៊ុន Lordstown បានអះអាងកាលពីខែមករាថាខ្លួនទទួលបានការកុម្ម៉ង់ទិញចំនួន ១០ម៉ឺនគ្រឿងចំពោះរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន។

បញ្ជាក់ផងដែរថាលទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មការពិសេសបានសម្រេចថាការអះអាងរបស់ក្រុមហ៊ុន Hindenburg Research គឺជារឿងមិនពិត និងជាការក្លែងព័ត៌មាន។ យ៉ាងណាក្ដីក្រុមហ៊ុន Lordstown បានទទួលស្គាល់ថាមានបញ្ហាទាក់ទងនឹងតួលេខនៃចំនួនកុម្ម៉ង់ទិញដែលខ្លួនទទួលបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម