រថយន្ត Hongqi H9 បានបង្ហាញមុខមាត់ជាផ្លូវការនៅក្នុងប្រទេសចិន ដែលវាជារថយន្ត Sedan ប្រណីតថ្មីស្ថិតនៅក្រោមក្រុមហ៊ុនរថយន្តល្បីរបស់ចិន Hongqi។
រថយន្តនេះមានរចនាបថគួរឲ្យចាប់អារម្មណ៍ ដោយមានរន្ធខ្យល់ខាងមុខទំហំធំ និងមានដំបូលវែងកោងលាតសន្ធឹង។ Hongqi បានប្រាប់ថាម៉ូដែល H9 នេះមិនមែនឌីហ្សាញដោយអតីតបុគ្គលិក Rolls-Royce ដូចរថយន្តមុននោះទេ ប៉ុន្តែដោយស្នាដៃអ្នកឌីហ្សាញរថយន្តចិន Ding Yangfeng។
រថយន្ត H9 ប្រើប្រាស់ម៉ាស៊ីន ២,០ លីត្រ Turbo កម្លាំង ២៥២ សេះ ហើយក៏មានប្រភេទ ៣,០ លីត្រ Supercharged ដែលមានកម្លាំង ២៧២ សេះ។ វាជាម៉ូដែលដំបូងរបស់ Hongqi ដែលមានម៉ាស៊ីន Supercharged ប៉ុន្តែកម្លាំងវាហាក់មិនខ្លាំងក្លានោះទេ បើប្រៀបនឹង ២,០ Turbo។
នៅផ្នែកខាងក្នុងគឺមានជម្រើសកៅអីអង្គុយបួន ឬ ប្រាំ ហើយតាប្លូគឺជាប្រភេទឌីជីថលសុទ្ធសាធទៀតផង។ Hongqi អះអាងថារថយន្តនេះមានសមត្ថភាពបើកបរស្វ័យប្រវត្តិបានក្នុងកម្រិត “L 2.5”។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់នៅមិនទាន់បង្ហាញឲ្យដឹងនោះទេ៕