
ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងបង្ហាញពីការរីកចម្រើននៅក្នុងផ្នែកបច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាបង្ហាញពីការចូលរួមក្នុងការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ពេលនេះ ក្រុមហ៊ុន Kubota ដែលជាក្រុមហ៊ុនល្បីឈ្មោះខាងផ្នែកកសិកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានប្រកាសបង្ហាញចេញនូវត្រាក់ទ័រថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ វាគឺជាត្រាក់ទ័រដែលអាចបើកបរដោយខ្លួនឯង និងជាត្រាក់ទ័រដែលប្រើប្រាស់នូវថាមពលអ៊ីដ្រូសែន។
បើនិយាយពីការរចនារបស់ត្រាក់ទ័រនេះ វាគឺមានប្រវែងប្រហែល ៤,៤ ម៉ែត្រ ទទឹង ២,២ ម៉ែត្រ និងកម្ពស់ដល់ទៅ ២,៣ ម៉ែត្រ ឯណ្ណោះ ប៉ុន្តែវាគឺមិនមានកៅអីសម្រាប់អ្នកបើកបរនោះឡើយ ពោលគឺវាអាចដំណើរការដោយខ្លួនឯងសុទ្ធតែម្តងដោយគ្រាន់តែចុចបញ្ជាពីចម្ងាយតែប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ បើទោះបីជាវាដំណើរការដោយអ៊ីដ្រូសែនក៏ដោយ ក៏ប៉ុន្តែវាក៏អាចផលិតកម្លាំងបាន ១០០សេះ ផងដែរ។
លើសពីនេះទៅទៀត វាក៏បានភ្ជាប់មកជាមួយនឹងប្រព័ន្ធកាមេរ៉ា AI ដែលអាចចាប់ឧបសគ្គ ហើយបញ្ឈប់ប្រត្តិបត្តិការបានដោយស្វ័យប្រវត្តិ នៅពេលមានឧបសគ្គ ឬមនុស្សដើរកាត់ដើម្បីធានាសុវត្ថិភាពផងដែរ ខណៈនៅពេលចាក់អ៊ីដ្រូសែនមួយពេញវិញ វាគឺអាចប្រើប្រាស់បានដល់ទៅកន្លះថ្ងៃឯណ្ណោះ៕