
បន្ទាប់ពីបានប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងកម្មវិធី 2025 Auto Guangzhou ពេលនេះ រថយន្ត Geely Galaxy V900 ដែលជារថយន្ត MPV ម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Geely គឺត្រូវបានទទួលស្គាល់ជាផ្លូវការពីសំណាក់ស្ថាប័នវាយតម្លៃពិភពលោក Guinness World Record ហើយ ដោយក្នុងនោះ វាគឺអាចផ្ទុកចំនួនមនុស្សបានច្រើនដល់ទៅ ៤២នាក់ឯណ្ណោះ។

បើនិយាយពីការរចនារបស់រថយន្ត Geely Galaxy V900 នេះវិញ គឺមានប្រវែងសរុប ៥ ៣៦០មីលីម៉ែត្រ ទទឹង ១ ៩៩៨មីលីម៉ែត្រ កម្ពស់ ១ ៩៤០មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខ-ក្រោយដល់ទៅ ៣ ២០០មីលីម៉ែត្រឯណ្ណោះ។ ចំណែកការរចនានៅផ្នែកខាងក្នុងវិញ ក៏មានទំហំធំ ៨,៤១ម៉ែត្រការ៉េផងដែរ។

លើសពីនេះទៅទៀត សម្រាប់ប្រវែងគម្លាតចន្លោះកៅអីវិញ ក៏មានប្រវែងលើសពី ១ម៉ែត្រផងដែរ ពោលគឺមានភាពធំទូលាយខ្លាំងបើប្រៀបធៀបទៅនឹងរថយន្ត MPV ផ្សេងៗ។

គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ រថយន្តនេះ ក៏ដំណើរការដោយបច្ចេកវិទ្យាថ្មីដែលគេហៅថា EREV (Extended Range Electric Vehicle) ផងដែរ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយចាប់ពី ១៦៥គីឡូម៉ែត្រ ទៅ ២០២គីឡូម៉ែត្រឯណ្ណោះ ដោយអគ្គិសនីសុទ្ធ (CLTC) ៕























