[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម VinFast បានធ្វើការបញ្ជាក់ថារថយន្តអគ្គិសនីសុទ្ធ VF 7 Fire Dragons ដែលផលិតមានចំនួនកំណត់ត្រឹមតែ ៦៨ គ្រឿងត្រូវបានលក់អស់ក្នុងរយៈពេល ២២ នាទីប៉ុណ្ណោះបន្ទាប់ពីការដាក់លក់នៅទីផ្សាររបស់ខ្លួន ។
VF 7 Fire Dragon ត្រូវបានផលិតឡើងផ្អែកនៅលើម៉ូដែល VF 7 Plus ដោយគ្រឿងបរិក្ខា និងលក្ខណៈពិសេសគឺមានភាពស្រដៀងគ្នា នឹងការឌីស្សាញបានបំផុសគំនិតដោយសត្វនាគជាមួយការតុបតែងតួខ្លួនពណ៌ខ្មៅ រួមបញ្ចូលជាមួយពណ៌ពណ៌លឿងទង់ដែងទៅលើថាសកង់ និងឡូហ្គោ VinFast ជាដើម ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៥៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១ ជាមួយរបៀបប ៣ របៀបរួមមាន Eco, Normal និង Sport ។
សម្រាប់ម៉ូដែលពិសេស VF 7 Fire Dragons មានតម្លៃលក់ថ្លៃជាងម៉ូដែល VF 7 Plus ពោលគឺមានតម្លៃលក់ចាប់ពី ៤១ ២៧២ ដុល្លារ ដល់ ៤៩ ៤៧៨ ដុល្លារ ។ លើសពីនេះ រាល់ VF 7 Fire Dragon នីមួយៗនៅពេលចេញលក់លើទីផ្សារនឹងមានលេខរៀងផ្ទាល់ខ្លួនដែលសម្គាល់ដោយ VinFast ជាមួយនឹងបច្ចេកវិទ្យាពិសេសទៀតផង ៕