តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបន្តកើនឡើងឥតឈប់ឈរគិតចាប់តាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន ដែលក្នុងរយៈពេលជិត ១២ខែប៉ុណ្ណោះ តម្លៃក្នុងមួយហ៊ុនមានការកើនឡើងប្រមាណ ៤៦០ដុល្លារ ជាមួយតម្លៃបច្ចុប្បន្នគឺ ៥៥៥ដុល្លារក្នុងមួយហ៊ុន។
ការកើនឡើងតម្លៃហ៊ុននេះធ្វើឲ្យម្ចាស់ហ៊ុននៅ Tesla មានការកើនឡើងទ្រព្យសម្បត្តិទៅតាមនោះដែរ ហើយក្នុងនោះក៏មានលោក Elon Musk ម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla។ បច្ចុប្បន្ននេះទ្រព្យសម្បត្តិរបស់លោក Elon Musk បានឡើងដល់ ១៣៦ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេលំដាប់ទីពីរក្នុងលោក។
ក្នុងឆ្នាំ ២០២០ នេះតែឯង ទ្រព្យសម្បត្តិរបស់លោក Elon Musk មានការកើនឡើងរហូតដល់ ១០៨ពាន់លានដុល្លារឯណោះ ដែលជាការកើនឡើងទ្រព្យសម្បត្តិច្រើនក្នុងពេលដ៏ខ្លីបំផុតដែលគេមិនធ្លាប់ជួបពីមុនមក៕