Chevrolet បានបង្ហាញជាផ្លូវការនូវតម្លៃលក់ និងលក្ខណៈសម្បត្តិនៃរថយន្ត Blazer ស៊េរីថ្មី សម្រាប់ទីផ្សារប្រទេសចិន ដែលមានលក់ដោយចែកចេញជា ៥ ប្រភេទ។
ពេលនេះប្រភេទដែលដាក់លក់គឺមានតែប្រភេទ ៧កៅអី ដែលវាមានតម្លៃចាប់ពីប្រមាណ ៣៦ ៧៣២ ដុល្លារ ដល់ ៤៦ ៦២៥ ដុល្លារ សម្រាប់ប្រភេទកប់ជាងគេ។ នៅសហរដ្ឋអាមេរិកវិញ រថយន្ត Blazer ស៊េរីឆ្នាំ ២០២០ គឺមានតម្លៃចាប់ពី ២៨ ៨០០ ដុល្លារ។
រថយន្ត Blazer ៧កៅអី មានប្រវែង ៤៩៩៩ ម.ម ទទឹង ១៩៥៣ ម.ម និងមានកម្ពស់ ១៧៣៦ ម.ម។ អ្នកប្រើប្រាស់នឹងអាចរីករាយជាមួយប្រព័ន្ធកម្សាន្ត MyLink+ រួមជាមួយ OnStar, Apple CarPlay និង Baidu CarLife។ រថយន្តនេះក៏មានសោប្រភេទអូតូ, មានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព និងដំបូលកញ្ចក់ដ៏ស្រស់ស្អាត។
ម៉ាស៊ីនរបស់វាគឺជាប្រភេទ Ecotec Turbocharged ដែលមានចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២៣៣ សេះ ដែលចំណាយពេល ៩វិនាទី ដើម្បីស្ទុះពី ០-១០០ គ.ម/ម៉។ ក្រុមហ៊ុន Chevrolet អះអាងថារថយន្តនេះស៊ីប្រេង ៧,៤ លីត្រ សម្រាប់ចម្ងាយ ១០០ គ.ម៕