Lexus បានបង្ហាញចេញរថយន្តម៉ូដែល IS ស៊េរីថ្មីឆ្នាំ ២០២១ ជាផ្លូវការ។ ត្បិតថាវាមិនមែនជាជំនាន់ថ្មីមែនពិត (នៅតែស្ថិតក្នុងជំនាន់ទីបី ដែលប្រកាសចេញតាំងពីឆ្នាំ ២០១៣) ប៉ុន្តែវាមានការផ្លាស់ប្ដូររូបរាងថ្មី កាន់តែទាន់សម័យ និងទាក់ទាញជាងមុន។
នៅផ្នែកខាងមុខមានផ្លាស់ប្ដូរការឌីហ្សាញថ្មី ដែលមានរន្ធខ្យល់ប្រើប្រាស់រចនាបថថ្មី អមដោយអំពូល LED ដែលមានរាងស្ដើងជាងមុន និងការបំពាក់ភ្លើងបំភ្លឺពេលថ្ងៃនៅផ្នែកខាងក្រោមរថយន្ត ធ្វើឲ្យរថយន្តមានរូបរាងទាន់សម័យ។
នៅផ្នែកខាងក្រោយមានគូថដែលមានរាងកោងជាងមុន អមដោយកាងថ្មី និងអំពូលភ្លើងឲ្យសញ្ញាដែលមានការឌីហ្សាញថ្មី អំពូលទាំងសងខាងគឺភ្ជាប់គ្នាដោយអំពូលឆ្នូតតូចមួយ។ និយាយអំពីទំហំគឺធំជាងមុនបន្តិច ដែលវែងជាងមុន ៣០ម.ម ទទឹងធំជាងមុន ៣០ម.ម និងកម្ពស់ខ្ពស់ជាងមុខ ៥ម.ម។ អ្វីដែលមិនប្ដូរគឺប្រវែងពីកង់មុខ ទៅកង់ក្រោយ នៅតែមានប្រវែង ២៨០០ ម.ម។
ខណៈដែលរូបរាងរាងខាងក្រៅមានការផ្លាស់ប្ដូរច្រើន ចូលដល់ផ្នែកខាងក្នុងវិញគេមិនឃើញមានការផ្លាស់ប្ដូរណាគួរកត់សម្គាល់នោះទេ។ វាមានតាប្លូដែលផ្លាស់ប្ដូរម៉ូដបន្តិច មានរន្ធម៉ាស៊ីនត្រជាក់រាងមូលជំនួសឲ្យរាងផ្ដេក ហើយអេក្រង់ទំហំ ៨អ៊ីញ បានរំកិលមកក្បែរអ្នកបើកបរជាងមុនបន្តិចដើម្បីកាន់តែងាយស្រួលប្រើ។
នៅផ្នែកខាងលើមានអេក្រង់ថ្មីដែលមានទំហំ ១០,៣អ៊ីញ មានគាំទ្រមុខងារ Android Auto និង Apple CarPlay ហើយក៏មាន Amazon Alexa ផងដែរ។ អេក្រង់ទំហំធំនេះគឺមានសម្រាប់ Option ដែលមានប្រព័ន្ធនាំផ្លូវ ហើយវាអាចផ្គួបជាមួយ Speaker Mark Levinson ផងដែរ។
សម្រាប់ IS 300 គឺមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ២៤១សេះ មានភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់ក្រោយ។ វាមានមួយប្រភេទទៀតមានឈ្មោះជា IS 300 ដែរ ប៉ុន្តែប្រើម៉ាស៊ីន ៣,៥លីត្រ កម្លាំង ២៦០សេះ ប្រើប្រព័ន្ធបើកបរវិលកង់ទាំងអស់ និងប្រអប់លេខ ៦វគ្គ។ ចុងក្រោយគឺ IS 350 ដែលមានម៉ាស៊ីន V6 ៣,៥លីត្រ កម្លាំង ៣១១សេះ មានចែកចេញជាប្រភេទវិលកង់មុខ និងប្រភេទវិលកង់ទាំងអស់។
រថយន្ត Lexus IS ស៊េរីឆ្នាំ ២០២១ នេះ នឹងមានដាក់លក់លើទីផ្សារប្រទេសប្រមាណ ៤០ ប្រទេសលើពិភពលោក នាអំឡុងចុងឆ្នាំ ២០២០ ដែលតម្លៃនឹងត្រូវបង្ហាញពេលជិតចេញលក់៕