មើលមួយភ្លែតដូចឡានភីកអាប់! តែជារថយន្តប្រភេទ Off-road អគ្គិសនីកម្លាំងត្រឹម ២៨សេះប៉ុណ្ណោះ

ក្រុមហ៊ុន Kandi America ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសហរដ្ជអាមេរិក ដែលគ្រប់គ្រងដោយក្រុមហ៊ុន​ Kandi Technologies Group របស់ប្រទេសចិន បានធ្វើការបញ្ចេញរថយន្តនូវរថយន្ត​ K32 ដែលជារថយន្តប្រភេទ UTV (Utility Terrain Vehicle) Off-road អគ្គិសនី។

តាមរយៈការឌីស្សាញឡើងដូចគ្នានឹងរថយន្តភីកអាប់ រថយន្តនេះមានទម្ងន់សរុប ២ ៤៣០គីឡូក្រាម និងប្រវែងសរុប ៥ ៤៣៦មីលីម៉េត្រ ដោយវែងជាងរថយន្ត Ford Ranger។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គីសនី២ ដែលអាចបង្កើតកម្លាំងសរុបបាន ២៨សេះ និងមានល្បឿនអតិបរមា ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង នឹងប្រើប្រាស់ប៉ុង២។

បន្ថែមពីនេះ រថយន្តប្រភេទ Off-road នេះដំណើរការដោយអាគុយ ២ជម្រើស ដោយទំហំ ២០,៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៦០ម៉ាយ (៩៧គីឡូម៉ែត្រ) និងទំហំ ៥០គីឡូវ៉ាត់ម៉ោង​ដែលអាចបើកបរបានចម្ងាយ ១៥០ម៉ាយ (២៤១គីឡូម៉ែត្រ) និងអាចការសាកថ្មពេញម្តងត្រូវចំនាយពេល ៧,៥​ ម៉ោង។

នៅផ្នែកខាងក្នុងរថយន្ត អាចផ្ទុកបានមនុស្សពេញវ័យ ៤នាក់ និងបានបំពាក់ជាមួយអេក្រង់ Touchscreen ទំហំ ១០អ៊ីញ, កុងទ័របង្ហាញប្រភេទឌីជីថល, ពោងសុវត្តិភាពចំនួន ២, កាម៉េរាមើលខាងក្រោយ, ប្រព័ន្ធការពារអាគុយ និងប្រព័ន្ធហ្រ្វាំង ABA និងEBD ផងដែរ។

រថយន្ត K32 Off-road អគ្គិសនីនេះ ត្រូវបានគ្រោងដាក់លក់នៅដើមឆ្នាំ២០២២ ជាមួយតម្លៃចាប់ពី ២៧ ៦៩៩ដុល្លារ ដល់ ៣៤ ៤៩៩ដុល្លារ នៅទីផ្សារសហរដ្ឌអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម