Futurist របស់ក្រុមហ៊ុន Great Wall Motors គឺជារថយន្ត Concept ដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Beijing Auto Show ឆ្នាំ ២០២០ ដោយសាររូបរាងដ៏ទាក់ទាញរបស់ខ្លួន។
វាគឺជារថយន្តអគ្គិសនីដែលមានរចនាបថបែបបុរាណ ប៉ុន្តែមានប្រណីតភាពខ្ពស់ ដោយវាមានបំពាក់នូវអាគុយដែលអាចជិះបានចម្ងាយ ៧០០គីឡូម៉ែត្រ។ បន្ថែមពីនេះវាក៏មានបំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 3 ជាមួយសមត្ថភាពបញ្ជាមុខងារដោយសំឡេងបានផងដែរ។
បើផ្អែកតាម CarNewsChina បានឲ្យដឹងថារថយន្ត Futurist នេះគឺជាស្នាដៃឌីហ្សាញរបស់ Phil Simmons ដែលជាអតីតអ្នកឌីហ្សាញប្រចាំក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar Land Rover ដែលរូបលោកក៏ជាបង្កើតនូវរថយន្ត Haval Big Dog SUV ផងដែរ។ Great Wall Motors និយាយថារថយន្ត Futurist នេះគឺប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះថា Lemon ដែលវាអាចប្រើប្រាស់បានជាមួយរថយន្តគ្រប់ប្រភេទមានចាប់ពីរថយន្តដើរដោយម៉ាស៊ីនប្រេងឥន្ធនៈ រថយន្តប្រភេទ PHEV និងរថយន្តអគ្គិសនី រួមជាមួយរថយន្តប្រភេទ Fuel Cell ផងដែរ៕