ដំណឹងអំពីរថយន្ត Toyota Crown ប្រភេទ SUV បានលេចចេញឡើងកាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ ហើយមកដល់ខែមេសាឆ្នាំ២០២១នេះ រូបរាងផ្លូវការរបស់រថយន្តត្រូវបានបង្ហាញចេញជាផ្លូវការនៅប្រទេសចិនដោយក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ចិន (ហៅកាត់ MIIT)។
រថយន្តថ្មីដែលចង់លក់លើទីផ្សារប្រទេសចិនគឺត្រូវឆ្លងកាត់ក្រសួង MIIT ហើយរូបភាពនៃរថយន្តក៏ត្រូវបង្ហោះនៅលើវិបសាយផងដែរ។ រថយន្ត Crown SUV នេះមានឈ្មោះថា Crown Kluger នៅទីផ្សារប្រទេសចិន ហើយរូបរាងរបស់វាគឺស្រដៀងនឹងរថយន្ត Highlander អ៊ីចឹងដែរ។
រថយន្តនេះមិនទាន់បានប្រកាសចេញជាផ្លូវការដោយក្រុមហ៊ុន Toyota ប្រទេសចិននៅឡើយទេ ប៉ុន្តែវាទំនងជាបង្ហាញវត្តមានក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show នាអំឡុងសប្ដាហ៍ក្រោយនេះ។
ក្រៅពីរូបភាពដែលបង្ហាញរូបរាងច្បាស់ៗហើយគេក៏អាចដឹងផងដែរថារថយន្តនេះមានប្រវែង ៥០១៥ម.ម មានទទឹង ១៩៣០ម.ម និងមានកម្ពស់ ១៧៥០ម.ម ដែលខ្ពស់ជាង និងវែងជាងរថយន្ត Highlander បន្តិច។ បន្ថែមពីនេះវាមានប្រើម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ កម្លាំង ១៨៩សេះ៕