មើលរូបរាងពិតនៃគូប្រជែងថ្មីរបស់ Tesla Cybertruck

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​ទើប​ដំណើរ​ការ​ថ្មីថ្មោង​ឈ្មោះ Lordstown Motors ដែល​បាន​ទិញ​រោងចក្រ​ផលិត​រថយន្ត​នៅ​ Ohio ពី Ford នោះ​ រំពឹង​ថា​បង្ហាញ​រថយន្ត​ភីកអាប់​អគ្គិសនី​របស់​ខ្លួន​នា​ចុង​ខែ​មិថុនា។

ផែនការ​ពី​ដំបូង​គឺ​ក្រុមហ៊ុន​ចង់​បង្ហាញ​រថយន្ត​ម៉ូដែល Endurance របស់​ខ្លួន​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Detroit Auto Show នា​ខែ​ក្រោយ ប៉ុន្តែ​ដោយ​សារ​កម្មវិធី​ត្រូវ​រំសាយ ទើប​មាន​ការ​ផ្លាស់​ប្ដូរ​ផែនការ ត្រូវ​បង្ហាញ​រថយន្ត​តាម​កម្មវិធី​អនឡាញ​នា​ចុង​ខែ​មិថុនា​នេះ​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បី​ឲ្យ​ការ​រង់​ចាំ​​ការ​បង្ហាញ​កាន់​តែ​រំជើបរំជួល​នោះ Lordstown Motors បាន​បង្ហោះ​រូបភាព​ពិត​ៗ​បង្ហាញ​ពី​រូបរាង​រថយន្ត​នៅ​លើ​វិបសាយ​របស់​ខ្លួន​ជា​មុន​។ ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ភីកអាប់​អគ្គិសនី​នេះ គេ​ដឹង​ថា​វា​នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​សម្រាប់​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​អស់ ដែល​មាន​កម្លាំង​សរុប ៦០០​សេះ អាច​ឲ្យ​វា​​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ៥,៥វិនាទី ហើយ​វា​មាន​ល្បឿន​អតិបរមា​ដែល​កំណត់​ត្រឹម ១២៨ គ.ម/ម៉។

ក្រុមហ៊ុន​បាន​អះអាង​ថា​រថយន្ត Endurance នេះ​អាច​បើកបរ​បាន​ចម្ងាយ ៤០២ គីឡូម៉ែត្រ​ ពេល​សាក​ភ្លើង​ពេញ​ម្ដង។ អាគុយ​របស់​រថយន្ត​អាច​សាក​ពី ០ ដល់ ៩៥% ក្នុង​ពេល ១០​ម៉ោង ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក Level 2 7kw ឬ​ចំណាយ​ពេល ៣០នាទី ទៅ ១,៥​ម៉ោង ដោយ​ប្រើ​ឆ្នាំង​សាក Level 3 DC។

គួរ​ដឹង​ថា​រថយន្ត Endurance នេះ​នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ ៥២ ៥០០​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម