រូបភាពថ្មីនៃរថយន្ត SUV ជំនាន់ចុងក្រោយរបស់ម៉ាកយីហោរថយន្ត Haval បានលេចចេញលើវិបសាយភាសាចិន រួមជាមួយព័ត៌មានខ្លះៗអំពីការឌីហ្សាញថ្មីផងដែរ។
រថយន្ត SUV នេះត្រូវបានឌីហ្សាញឡើងដោយ Phil Simmons ដែលត្រូវបានចាត់តាំងជាអ្នកចាត់ការផ្នែកឌីហ្សាញប្រចាំម៉ាកយីហោ Haval ដោយក្រុមហ៊ុន Great Wall Motors ក្នុងឆ្នាំ ២០១៨ ដោយពីមុនមករូបគេធ្លាប់ជាអ្នកឌីហ្សាញនៅក្រុមហ៊ុនអង់គ្លេស Land Rover។
រចនាបថរបស់ SUV ថ្មីនេះគឺមានជាលក្ខណៈជ្រុងៗ ដែលជារចនាបថទាក់ភ្នែកមួយ។ នៅផ្នែកខាងមុខមានបំពាក់អំពូលភ្លើងរាងមូល និងមានរន្ធខ្យល់ទំហំធំ ហើយកាងខាងមុខមានការរចនាជាពណ៌ខ្មៅរំលេចគ្នាជាមួយពណ៌ទឹកក្រូចនៃតួខ្លួនរថយន្ត។
មើលពីចំហៀងឃើញថារថយន្តនេះមានកម្ពស់ខ្ពស់ និងមានទំហំធំថែមទៀតផង។ ចំណែកផ្នែកខាងក្រោយមានប្រើប្រាស់រចនាបថអំពូលឲ្យសញ្ញាជារាងអក្សរ L ធ្វើឲ្យគេនឹកដល់រថយន្ត Lynk & Co 01 ដែលជា SUV មួយម៉ូដែលទៀតរបស់ចិន។
គួរដឹងថា Haval អាចនឹងបញ្ចេញលក់រថយន្តនេះលើទីផ្សារក្នុងស្រុកចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២០ នេះ៕