ក្រុមហ៊ុន Tesla មានជំនឿចិត្តច្បាស់ថា រថយន្ត Tesla Cybertruck របស់ខ្លួននឹងត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទដឹក ធន់មធ្យម ដែលនឹងអាចប្រកួតប្រជែងជាមួយរថយន្ត Ford F-250 ប្រភេទដឹកធន់ធំ នៅទីផ្សារអាមេរិចខាងជើង។ ហើយពេលនេះ ក្រុមហ៊ុនកំពុងមានផែនការបង្កើត Cybertruck ធន់តូចសម្រាប់ទីផ្សារក្រៅស្រុក។
កាលពីដើមសប្តាហ៍នេះ លោក Elon Musk នាយកប្រតិបត្ត នៃក្រុមហ៊ុន Tesla បាននិយាយទៅកាន់អ្នកសារព័ត៌មាន ពីគម្រោងមួយទៀត នៅក្នុងថ្ងៃធ្វើបទបង្ហាញពីថាមពល Battery Day Presentation ថា ពេលនេះពួកគេកំពុងគិតពិចារណា លើការផលិតរថយន្តភីកអាប់អគ្គិសនីមួយប្រភេទទៀតធន់តូច។ ទោះជាយ៉ាងណាក៏លោកមិនទាន់បង្ហាញលម្អិតអំពី កម្រិតថាមពល ប្រព័ន្ធបើកបរ (ប៉ុង) ពេលវេលាដាក់បង្ហាញផ្លូវការ និង តម្លៃ នៅឡើយ។ លោកក៏បានបញ្ជាក់បន្ថែមថា យើងនឹងបង្កើតរថយន្តភីកអាប់អគ្គិសនីធន់តូច សម្រាប់ទីផ្សារអន្តរជាតិ។
ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ យោងតាមការកំណត់ចង្វាក់ផលិតកម្ម ដែលនឹងផលិតនៅឆ្នាំក្រោយ រថយន្ត Cybertruck នឹងត្រូវផលិតនៅរោងចក្រថ្មីមួយ ដែលមានទីតាំងនៅក្រៅក្រុង Austin រដ្ឋ Texas ដែលត្រូវបានរំពឹងថានឹងផលិតបាន ចំនួន ២៥០ ០០០គ្រឿង ដល់ ៣០០ ០០០គ្រឿង ឬច្រើនជាងនេះ។ ចំនួនទាំងនេះ ហាក់មិនមានការគំរាមគំហែង ដល់ដៃគួរប្រកួតប្រជែងធំដូចជា Ford និងFCA នោះទេ ពីព្រោះពួកគេអាចលក់បានប្រហែលជិត ៩០០ ០០០ គ្រឿងសម្រាប់ប្រភេទ F-Series និងលើសពី ៦០០ ០០០គ្រឿង សម្រាប់ Ram។ រហូតមកដល់ពេលនេះ មានចំនួនអ្នកកក់រថយន្តអគ្គិសនី Cybertruck ប្រមាណជាងកន្លះលាន។ លោក Elon Musk បន្ថែមថា វាពិតជាចំនួនច្រើន រហូតដល់យើងលែងរាប់ទៅហើយ។
ទោះជាយ៉ាងណាក៏ដោយវានៅតែមិនទាន់ច្បាស់នៅឡើយទេព្រោះអ្នកកក់ទាំងនោះកក់ត្រឹមតែ ១០០ដុល្លារ និងអាចដកយកលុយកក់នោះមកវិញបានទៀត ហេតុនេះហើយ មិនប្រាកថាចំនួនអ្នកកក់នោះ នឹងធ្វើការបញ្ជារទិញរថយន្តនោះទាំងអស់គ្នានោះឡើយ។