[ទីផ្សារបរទេស] ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជាមួយកំណើននៃទ្រព្យសម្បត្តិនាពេលបច្ចុប្បន្ន លោក Elon Musk អាចនឹងក្លាយជាមហាសេដ្ឋីមានទឹកប្រាក់ទ្រីលានដុល្លារ (មួយលានលានដុល្លារ) ដំបូងគេក្នុងលោកនៅត្រឹមឆ្នាំ២០២៤ខាងមុខនេះ។
បច្ចុប្បន្ននេះលោក Elon Musk កំពុងតែកាន់កាប់តំណែងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោក ជាមួយទ្រព្យសម្បត្តិប្រមាណ ២៦០ពាន់លានដុល្លារ ដែលច្រើនជាងជិត ៧០ពាន់លានដុល្លារ បើធៀបនឹងបុគ្គលលំដាប់ទីពីរដែលជាលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon។
បើផ្អែកតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Tipalti Approve បានសន្និដ្ឋានថាក្នុងពេលត្រឹមពីរឆ្នាំ ទ្រព្យសម្បត្តិរបស់លោក Elon Musk អាចកើនឡើងដល់ខ្ទង់ ១ទ្រីលានដុល្លារ ដែលមួយភាគធំគឺបានមកពីការកាន់កាប់ចំណែកភាគហ៊ុននៅក្រុមហ៊ុន Tesla ដែលក្រុមហ៊ុននេះកំពុងតែរីកចម្រើនខ្លាំងចាប់តាំងពីឆ្នាំ២០២០មក។ បន្ថែមពីនេះភាគហ៊ុនដែលមាននៅក្រុមហ៊ុន SpaceX ក៏នឹងជួយដល់លោក Elon Musk ឲ្យកើនឡើងទ្រព្យសម្បត្តិកាន់តែរហ័សផងដែរ។
ចាប់តាំងពីឆ្នាំ២០១៧មក ទ្រព្យសម្បត្តិរបស់លោក Elon Musk បានកើនឡើងជាមធ្យម ១២៩% ជាប្រចាំឆ្នាំ។ ត្បិតថាមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែបុរសរូបនេះតែងតែនិយាយថារូបលោកមិនបានផ្ដោតលើទ្រព្យសម្បត្តិ ឬជីវិតហឺហារនោះទេ៕