មេធំ Toyota ព្រមាន Apple ថាអាជីវកម្មរថយន្តមិនងាយស្រួលឡើយ

លោក Akio Toyoda ជាប្រធានក្រុមហ៊ុន Toyota បានព្រមានទៅកាន់ Apple ថាការឈានជើងចូលក្នុងអាជីវកម្មផលិតរថយន្តគឺមិនមែនជារឿងដែលងាយស្រួលនោះទេ។

ក្នុងសន្និសីទមួយដែលរៀបចំឡើងដោយ Japan Automobile Manufacturers Association កាលពីថ្មីៗនេះ លោក Toyoda បាននិយាយថាឧស្សាហកម្មយានយន្តរីករាយទទួលស្វាគមន៍គូប្រជែងថ្មី ប៉ុន្តែបន្ទាប់ពីផលិតរថយន្តបានហើយ Apple ត្រូវត្រៀមខ្លួនក្នុងការដោះស្រាយជាមួយអតិថិជន និងការផ្លាស់ប្ដូរដែលអាចកើតមានឡើងក្នុងរយៈពេលខ្ទង់ ៤០ឆ្នាំខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលអ្នកជំនាញផ្នែកយានយន្តមួយចំនួនយល់ថា Apple អាចនឹងធ្វើឲ្យរង្គោះរង្គើពិភពយានយន្ត ដូចដែល Apple ធ្លាប់បានធ្វើក្នុងពិភពបច្ចេកវិទ្យាកន្លងមកនោះ ប៉ុន្តែមានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនមិនបានខ្លាចរអារចំពោះវត្តមានរបស់ Apple ឡើយ។

Apple រំពឹងថានឹងបញ្ចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិជំនាន់ចុងក្រោយបំផុត ដែលគេរំពឹងថារថយន្ត Apple អាចនឹងបង្ហាញវត្តមានឆាប់បំផុតនៅឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម