[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Cadillac Escalade ថ្មី ដែលជាម៉ូដែលពិសេសឲ្យឈ្មោះថា Cadillac Escalade White Sport Edition ដោយមានបំណងផលិតត្រឹមតែ ៣០ គ្រឿងជាមួយនឹងតម្លៃលក់ ១២៦ ៧០០ ដុល្លារបូកទាំងតម្លៃពន្ធ គ្រោងដាក់បង្ហាញជាផ្លូវការនៅ ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់តែទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។
សម្រាប់ម៉ូដែល Cadillac Escalade White Sport Edition នេះគឺផ្អែកលើរថយន្ត Escalade Sport ដោយម៉ូដែលនេះត្រូវបានតុបតែងជាមួយពណ៌ស នឹងពណ៌ខ្មៅទៅលើប៉ាណាមុខមួយផ្ទាំងធំរាងជាសំណាញ់ កាងដែកការពារបាតខាងក្រោម កញ្ចក់មួយជុំរថយន្ត និងដំបូល roof rack ផងដែរ។
ក្នុងនោះ ក្រុមហ៊ុន Cadillac បានពណ៌នានៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការរួមបញ្ចូលគ្នានៃតួខ្លួនពណ៌ស ប៉ាណាមុខរាងជាសំណាញ់ ជាមួយការលាយពណ៌ខ្មៅ នាំមកនៅបុគ្គលិកលក្ខណៈដែលកាន់តែអំណាច ” ។ “អ្នកអាចរីករាយជាមួយការបើកបរដែលមិនធ្លាប់មានដ៏អស្ចារ្យ ដែលត្រូវបានបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ Cadillac”។
គួរឲ្យដឹងថា ពណ៌សដែលតុបតែងទៅលើ Escalade ត្រូវបានគេដាក់ឈ្មោះថា Crystal White Tri-Coat ហើយផ្ទុយស្រឡះជាមួយនឹងផ្ទៃខាងក្នុងដែលគ្របដណ្ដប់ដោយស្បែកពណ៌ខ្មៅ (Jet Black) ស្ទើរតែទាំងស្រុងជាមួយនឹងផ្នែកជាច្រើនបានតុបតែងជាមួយនឹងឈើដ៏ប្រណិត។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Cadillac Escalade ជំនាន់ទី ៥ នេះដែលមានលក់នៅក្នុងប្រទេសជប៉ុន មកជាស្តង់ដារជាមួយនឹងម៉ាស៊ីនចំណុះ ៦,២ លីត្រ EcoTec3 V8 ដែលសម្រាប់សហរដ្ឋអាមេរិក (US-Spec) អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ៦២៣ ញ៉ូតុនម៉ែត្រ៕