ម៉ូឌែលរថយន្តអគ្គិសនីណាខ្លះ ដែលមានវត្តមាននៅពិព័រណ៍យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍កន្លងទៅ?

កាលពីសប្តាហ៍មុនកន្លងទៅ ក្រុមហ៊ុនរថយន្តជាច្រើនបានធ្វើការនាំយករថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ កម្មវិធីពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ដែលបានធ្វើឡើងនៅក្រសួងសាធារណការ និងដឹកជញ្ចូន ព្រមទាំងមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ ក្រសួង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជា វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន១២ផងដែរ។

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ចូន

ជាក់ស្តែង កម្មវិធីនេះត្រូវរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ UNDP, Energy Lab និង SMMR/GIZ ដើម្បីបើកឡើងទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ ហើយក្នុងនោះដែលក៏មានម៉ូឌែរថយន្តអគ្គិសនីដែលបានចូលរួម ដែលរួមមាន៖

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ចូន
  • MG ZS Ev ​រថយន្ត​អគ្គិសនី​នេះ​ប្រើ​ប្រាស់​​ម៉ូទ័រ​អគ្គិសនី​បំពាក់​នៅ​ផ្នែក​ខាង​មុខ ដែល​មានកម្លាំង​ ១៤២ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយ​អាគុយ​ប្រភេទ​លីចូម​​ទំហំ ៤៤,៥ គីឡូវ៉ាត់ម៉ោង ហើយ​អាច​បើកបរ​បាន​ចម្ងាយ ២៦២ គីឡូម៉ែត្រ​ក្នុងការសាកថ្មម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • BYD E2 ev រថយន្តអគ្គិសនី BYD e2 នេះមានជម្រើស ២ ប្រភេទ គឺប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣៥,២ គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣០៥ គីឡូម៉ែត្រ និងប្រភេទ ៤៧,៣គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ អ្វីដែលរឹតតែពិសេសនោះគឺ អាចគាំទ្រនូវមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

  • SERES 3 EV រថយន្តអគ្គិសនីនេះ ​ប្រើប្រាស់ជាមួយអគុយលីចូមទំហំ ៥៣គីឡូវ៉ាត់ម៉ោង​ មានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ និងកម្លាំងអតិបរមា ១៦០ គីឡូម៉ែត្រ/ម៉ោង ដោយអាចបើកបរបានចម្ងាយប្រហេល ៣៥០គីឡូម៉ែត្រ ដល់ ៤០០គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។

  • TANG EV រថយន្តអគ្គិសនីនេះបំពាក់ជាមួយមូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ២៤១​ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ សម្រាប់ម៉ូទ័រខាងមុខ និងមានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៥០ ញ៉តុនម៉ែត្រ ភ្ជាប់ជាមួយអាគុយប្រភេទ BYD Blade battery ទំហំ ៨៦,៤​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

  • LETIN MENGO រថយន្តអគ្គិសនីនេះបំពាក់ជាមួយអាគុយលីចូម ទំហំ ១៧,២៨ គីឡូវ៉ាត់ម៉ោង សាកថ្មម្តងជិះបានចម្ងាយ ១៨០​ គីឡូវ៉ាត់ម៉ោង និងមានល្បឿនអតិបរមា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

  • JAGUAR I-PACE ជារថយន្តប្រភេទ SUV ដ៏ប្រណិត​ដែលប្រើប្រាស់អគ្គិសនីសុទ្ធមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ភ្ជាប់មួយអាគុយប្រភេទ lithium-ion pouch cells ទំហំ ៩០ គីឡូវ៉ាត់ម៉ោង មានកម្លាំង ៤០០ សេះ និងកម្លាំងរមួល ៦៩៦​​ ញ៉តុនម៉ែត្រ​ អាចបង្កើនល្បឿនបាន ១០០គីឡូម៉ែត្រ/ម៉ោង រយៈពេល ៤,៨វិនាទី និងអាចបើកបរបានចម្ងាយ ៤៧០គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

  • BYD Han EV រថយន្តអគ្គិសនី BYD Han EV នេះមានម៉ូទ័រអគ្គិសនីចំនួនពីរមានកម្លាំង ២១៨ សេះ​ និងម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ សម្រាប់ម៉ូទ័រខាងមុខ​ និងមានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៥០ ញ៉តុនម៉ែត្រ សម្រាប់ម៉ូទ័រខាងក្រោយ ភ្ជាប់ជាមួយអាគុយប្រភេទ Blade battery ទំហំ ៧៦,៩​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

  • HONGQI E-HS9  រថយន្តនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ មានបន្ទុកអាគុយអគ្គិសនី ៩៩គីឡូវ៉ាត់ម៉ោង ផលិតថាមពលកម្លាំងបាន ៤០៥គីឡូវ៉ាត់ កម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ អាចជិះបានរយៈចម្ងាយ ៥១០គីឡូម៉ែត្រ អាចជាន់កុងទ័រពី ០-១០០គ.ម/ម៉ ចំនាយពេល ៥វិនាទី សាកភ្លើងមួយពេញចំនាយពេល ៩,៥ម៉ោង៕

គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងការជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម