
ទីផ្សាររថយន្ដអគ្គិសនីនៅសហរដ្ឋអាេមរិក កំពុងប្រឈមជាមួយសម្ពោធយ៉ាងខ្លាំង ដោយសារតែការលើកលែងពន្ធលើរថយន្ដអគ្គិសនីត្រូវបានលុបចោល ហើយក្រុមហ៊ុនផលិតរថយន្តទាំងបរទេស និងក្នុងស្រុកទទួលរងការប៉ះពាល់ពីវិក្កយបត្រពន្ធគយ ជាមួយបញ្ហានេះបានធ្វើម៉ូឌែលរថយន្ដអគ្គិសនីសុទ្ធថ្មីៗជាច្រើនត្រូវបានពន្យារពេលក្នុងការផលិតឬត្រូវបានលុបចោល ក្នុងការដាក់លក់នៅទឹកដីសហរដ្ឋអាមេរិកតែម្ដង។

ទោះជាជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយសម្រាប់ក្រុមហ៊ុនជប៉ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តមួយដែលទើបតែចូលប្រឡុកក្នុងវិស័យរថយន្ដអគ្គិសនីទំនើប រាងយឺតយ៉ាវជាងគេ បែរជានិយាយថាខ្លួននឹងបន្តដំណើរការយ៉ាងពេញទំហឹង ក្នុងការដាក់លក់រថយន្ដអគ្គិសនីនៅផ្សារសហរដ្ឋអាមេរិក ទោះបីជាមានលក្ខខណ្ឌកំណត់ជាច្រើនក៏ដោយ។ បើក្រឡេកទៅមើលក្រុមហ៊ុនដទៃទៀត ដែលជាដៃគួប្រជែងរបស់ពួកគេ បានដកថយពីការផលិតរថយន្ដអគ្គិសនីសម្រាប់ដាក់លក់នៅសហរដ្ឋអាមេរិក ដោយសារតែគ្មានការលើកលែងពន្ធ និងវិក្កយបត្រពន្ធគយដ៏តឹងរ៉ឹងនេះ។
បើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Toyota បានបញ្ជាក់ថាប្រាប់សារព័ត៌មាន InsideEVs ថា៖«រថយន្តអគ្គិសនីថ្មីទាំងពីររបស់ខ្លួនគឺម៉ូឌែល bZ Woodland (ប្រភេទ wagon បែប off-road) និង C-HR (រថយន្តតូចល្មមបែប sporty) នៅតែបន្តដំណើរការដាក់លក់តាមការគ្រោងទុក។ “រថយន្ដម៉ូឌែលទាំងពីរនេះនៅតែស្ថិតក្នុងផែនការដាក់លក់នៅដើមឆ្នាំ ២០២៦”។

បើគិតទៅទោះបីជួបបញ្ហាប្រឈមច្រើន ដោយសាររថយន្តអគ្គិសនី bZ Woodland, C-HR រួមទាំង Toyota bZ ដែលបានធ្វើបច្ចុប្បន្នភាពយ៉ាងខ្លាំង ហើយកំពុងដាក់លក់សព្វថ្ងៃ សុទ្ធតែផលិតនៅប្រទេសជប៉ុន។ ជាមួយរឿងនេះ នឹងធ្វើឲ្យ ពួកគេប្រឈមនឹងបញ្ហាពន្ធនាំចូល ហើយមិនទទួលបានអត្ថប្រយោជន៍នៃការលើកលែងពន្ធលើរថយន្ដអគ្គិសនីថែមទៀត។
សម្រាប់រថយន្ដអគ្គិសនីថ្មីរបស់ Toyota ចំនួន២ម៉ូឌែលទៀតត្រូវបានគេរំពឹងថានឹងផលិតនៅរដ្ឋ Kentucky ប៉ុន្តែមិនមែនជាម៉ូឌែល ដែលក្រុមហ៊ុននេះនឹងត្រូវដាក់លក់នៅដើមឆ្នាំ២០២៦នេះទេ។ ចំពោះអត្ដប្រយោជន៍ដ៏ធំមួយសម្រាប់អតិថិជននៅសហរដ្ឋអាមេរិកគឺរថយន្ត bZ ម៉ូឌែលថ្មី មានការកែលម្អជាច្រើន រួមមានដំណើរការសាកថ្មល្បឿនលឿន (fast-charging) កាន់តែល្អប្រសើរ, កម្លាំងសេះកាន់តែខ្លាំង, មានរន្ធសាកថ្ម NACS អាចសាកនៅស្ថានីយ Tesla, និងចម្ងាយធ្វើដំណើររហូតដល់ ៥០៥គីឡូម៉ែត្រ។
យោងតាមកាវិភាគក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបាន បន្ថយល្បឿននៃការផលិតរថយន្ដអគ្គិសនីម៉ូឌែលថ្មីៗ ហើយថែមទាំង លុបចោលម៉ូដែលដែលមានស្រាប់ទាំងស្រុង ដោយសារទីផ្សារអាមេរិកមិនបានងាកទៅផ្ដោតលើអគ្គិសនីសុទ្ធជាពិសេសមិនមានការអុនគ្រោះពន្ធទៀត។ ប៉ុន្តែសម្រាប់ Toyota យកបញ្ហាបង្កើតទៅជាឱកាសនៅតែជំរុញការដាក់លក់រថយន្តអគ្គិសនីម៉ូឌែលថ្មីៗរបស់ខ្លួននៅសហរដ្ឋអាមេរិក ទោះបីគូប្រជែងរបស់ពួកគេប្រកាសដកខ្លួនដ៏ដោយ៕

















