ការយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក បានទៀងទាត់តាមកាលកំណត់ គឺពិតជាមានសារៈសំខាន់ដល់សុវត្ថិភាព កាត់បន្ថយការចំណាយថវិកាច្រើនលើការជួសជុលោ និងជាពិសេសគឺមិនទទួលរងការផាកពិន័យណាមួយឡើយ។

ដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មាន២ផ្នែក គឺត្រួតពិនិត្យដោយភ្នែក និងត្រួតពិនិត្យដោយឧបករណ៍។
១. ត្រួតពិនិត្យដោយភ្នែក គឺការត្រួតពិនិត្យភិនភាគទូទៅ ការពិនិត្យផ្នែកខាងក្រៅ និងការពិនិត្យគ្រឿងក្រោមយានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ២៥ចំណុចរួមមាន៖ ផ្លិតទឹក កញ្ចក់មុខ ខ្សែក្រវាត់សុវត្ថិភាព ទ្វារ- ត្រចៀកទ្វារ កៅអីអ្នកបើកបរ-កៅអីអ្នកដំណើរខាងមុខ សំបកកង់ ប៊ូឡុងកង់-អេគ្រូ រនាំងសុវត្ថិភាព ភ្លើងសញ្ញាប្តូរទិស ភ្លើងស្តុប ស្លាកសញ្ញាចាំងពន្លឺ ធុងទឹក ម៉ាស៊ីន ប្រអប់លេខ-ប៉ុង បូមចង្កូត ចង្កូត ដងលំនឹង ឡាប-តំណឡាប ជន្ទាស-ប៊ូឡុងរាងអក្សរ U ខ្សែហ្វ្រាំង-ទុយោហ្រ្វាំង អាម័រទីស័រ ទុយោប្រេង ឡាបទាញ់កង់ បំពង់ស៊ីមាំង-ស៊ីឡង់ស្យឺ និងគ្រោង-តួ។

២. ត្រួតពិនិត្យដោយឧបករណ៍ គឺត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់យានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ៩ចំណុចរួមមាន៖ កុងទ័រល្បឿន កង់ទាញខាង កម្រិតកម្លាំងហ្វ្រាំងសរុប លម្អៀងកម្រិតកម្លាំងហ្វ្រាំង កម្រិតកម្លាំងហ្វ្រាំងដៃសរុប ភ្លើងហ្វា ភ្លើងកូត ស៊ីផ្លេ និងកម្រិតផ្សែង។

ជាទូទៅ ដំណើរការនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវប្រើរយៈពេលពី ៥ ទៅ ១០នាទី ក្នុងយានជំនិះ១គ្រឿង៕





















