កាលពីមុន យ៉ាន់រថយន្តត្រូវបានផលិតចេញពីដែក ដោយសារតែភាពរឹងមាំ , ភាពយូរអង្វែង និង រូងរាងរបស់វា។ ទោះជាយ៉ាងណា ការងាកមកប្រើប្រាស់យ៉ាន់ Alloy ក៏ដោយសារតែគេមើលឃើញអត្ថប្រយោជន៍ជាច្រើនរបស់វា ក៏ដូចជាការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការយ៉ាន់ប្រភេទនេះផងដែរ។
យ៉ាន់ Alloy ដែលនិយមបំពាក់លើរថយន្តទំនើបៗនាពេលបច្ចុប្បន្ន ត្រូវបានផលិតពីអាលុយមីញ៉ូម ឬ ម៉ាញ៉េស្យូម ឬជួនកាលទាំងពីរតែម្តង។ តាមធម្មតា យ៉ាន់ប្រភេទនេះត្រូវបានបំពាក់តែលើរថយន្តស្ព័រទំនើប និងរថយន្តប្រណីតប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ វាត្រូវបានបំពាក់ស្ទើរគ្រប់រថយន្តតែម្តង។
ខាងក្រោមនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃយ៉ាន់ Alloy ដែលមនុស្សភាគច្រើននិយមប្រើរាល់ថ្ងៃ៖
គុណសម្បត្តិ
- រូបរាង៖ យ៉ាន់ដែកមិនអាចប្រៀបធៀបជាមួយយ៉ាន់ Alloy បានឡើយ បើនិយាយពីរូបរាងស្រស់ស្អាត។
- ការកាត់បន្ថយកម្តៅ៖ យ៉ាន់ Alloy អាចកាត់បន្ថយកម្តៅ និងមានសមត្ថភាពប្រសើរជាងយ៉ាន់ដែក ហើយក៏អាចកាត់បន្ថយអត្រា នៃការខូចហ្វ្រាំងដែរ។
- សមត្ថភាព៖ យ៉ាន់ Alloy អាចកាត់បន្ថយទម្ងន់ និងបញ្ជូននិចលភាពតិចជាងយ៉ាន់ដែក ដែលអនុញ្ញាតឲ្យប្រព័ន្ធប៊ូមរត់តាមស្ថានភាពផ្លូវបានយ៉ាងងាយស្រួល និងមិនរអិលថែមទៀតផង។
- សន្សំសំចៃសាំង៖ យ៉ាន់ Alloy មានទម្ងន់ស្រាលជាងយ៉ាន់ដែក ដូច្នេះវាអាចជួយសន្សំសំចៃសាំងបានមួយកម្រិត។
- ជំនួយដល់ហ្វ្រាំង៖ ដោយសារតែយ៉ាន់ Alloy ជួយធ្វើឲ្យកង់មានកម្លាំងទាញបានល្អប្រសើរក្នុងអំឡុងពេលចាប់ហ្វ្រាំង។
- មិនងាយពុក និងច្រេះ៖ ដោយសារតែយ៉ាន់ Alloy ផលិតចេញពីអាលុយមីញ៉ូម ដូច្នេះវាជួយការពារពីភាពពុក និងច្រេះបានយ៉ាងល្អប្រសើរ។
- ជួយឲ្យសម្បកកង់ប្រើបានយូរ៖ ដោយសារតែយ៉ាន់ Alloy កាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរ ដូច្នេះសំណឹកនៃសម្បកកង់ក៏មានតិចដែរ។
- សក្តិសមប្រើជាមួយសម្បកកង់គ្មានពោះវៀន៖ ដោយសារតែយ៉ាន់ Alloy អាចការពារខ្យល់មិនឲ្យលេចធ្លាយចេញមកក្រៅបានទាំងស្រុង។
គុណវិបត្តិ
- មិនខ្លាំងដូចយ៉ាន់ដែក៖ យ៉ាន់ដែក ពិតជាខ្លាំងជាងយ៉ាន់ Alloy ហើយអាចទទួលរងការប៉ះទង្គិចខ្លាំងជាង មុនពេលវៀច ឬបាក់។
- តម្លៃថ្លៃ៖ ដំណើរការផលិតយ៉ាន់ Alloy ពិតជាស្មុគស្មាញខ្លាំងជាងយ៉ាន់ដែក។ ជាលទ្ធផល យ៉ាន់ Alloy គឺមានតម្លៃថ្លៃជាងទាំងការផលិត , ទិញ និង ជួសជុល។
- ចោរចូលចិត្តលួច៖ ដោយសារតែយ៉ាន់ Alloy មានសភាពស្រស់ស្អាត , ថ្លៃ និង គេនិយមប្រើប្រាស់ច្រើន ដូច្នេះវាពិតជាទាក់ទាញចំណាប់អារម្មណ៍ជនខិលខូចយ៉ាងខ្លាំង៕